នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ខួប ២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានលើកឡើងពីគោលការណ៍នៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោបានមានប្រសាសន៍ថា « ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តដោយគោលការណ៍ឥតគិតថ្លៃប៉ុន្តែដោយស្ម័គ្រចិត្ត »។ ជាមួយគ្នានេះដែរ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីមានការចាក់វ៉ាក់សាំងក៏ដោយក៏វិធានការបង្ការដូចជា ការពាក់របាំងមុខ ការសម្អាតដៃ ការរក្សាគម្លាតជាដើមមិនត្រូវភ្លេចឡើយ។

ទន្ទឹមនឹងនេះ មិនមានកាលវិភាគជាក់លាក់នៃការចាក់វ៉ាក់សាំងនៅកម្ពុជាទេ ប៉ុន្តែសម្ដេចបានបញ្ជាក់ថា វ៉ាក់សាំងសំរាប់ប្រជាជន ៣.២ លាននាក់ត្រូវបានរៀបចំឡើងតាមយន្តការ COVAX ។ ក្រៅពីនេះ វ៉ាក់សាំងសម្រាប់ប្រជាជន ១៣ លាននាក់ផ្សេងទៀតនឹងត្រូវបានគេបញ្ជាតាមនីតិវិធីផ្សេងៗគ្នារួមទាំងការចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង និងអ្នកផ្តល់ជំនួយជាដើម។

គួរឱ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃទី ២៩ ខែធ្នូ កម្ពុជាបានកត់ត្រាករណីឆ្លងសរុបចំនួន ៣៦៤ ករណីដែលក្នុងនោះមាន ៤១ ករណីជាករណីឆ្លងសហគមន៍៕
ប្រភព៖ ក្រសួងព័ត៌មាន


