គណៈរដ្ឋមន្រ្តីថៃ អនុម័តលើថវិកាជាង ៣៧៧ លានដុល្លារ ទប់ទល់នឹងវីរុស Covid-19 ខណៈករណីថ្មីកើនឥតឈប់
សេដ្ឋកិច្ច December 31, 2020 Khmernote

គណៈរដ្ឋមន្រ្តីថៃកាលពីពេលថ្មីៗនេះ បានអនុម័តលើថវិកាចំនួន ១១.៣ ពាន់លានបាត (ប្រមាណជាង ៣៧៧ លានដុល្លារអាមេរិក) ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងជាថ្មីនៃវីរុស Covid-19 នៅក្នុងប្រទេស។ យោងតាមអ្នកនាំពាក្យរងរដ្ឋភិបាលលោកស្រី Rachada Dhnadirek បានឲ្យដឹងថា ចំនួនទឹកប្រាក់នេះនឹងត្រូវចំណាយលើគម្រោងចំនួន ១០ ដែលត្រូវបានដាក់ជាក្រុមក្នុងនោះរួមមាន វិធានការបង្ការ (៤.៣ ពាន់លានបាត) ការព្យាបាល (៧ ពាន់លានដុល្លារ) និងការគាំទ្រ (២៧ លានបាត)។

ជាមួយគ្នានេះ ចំពោះវិធានការបង្ការថវិកាចំនួន ១.៨ ពាន់លានបាតនឹងជួយបង្កើនល្បឿនទទួលបានវ៉ាក់សាំង ហើយ ១.៦ ពាន់លានបាត ប្រើដើម្បីទូទាត់សំណងដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិចំនួន ១ លាននាក់ សម្រាប់តាមដានស្ថានភាពនៅក្នុងសហគមន៍រយៈពេល ៣ ខែទៀត និង ៥០៤ លានបាតសម្រាប់ផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ និងមន្ទីរពិសោធន៍។

ទន្ទឹមនឹងនេះដែរ ចំពោះការព្យាបាល ដែលមានកញ្ចប់ថវិកាចំនួន ៧ពាន់លានបាត ក្នុងនោះ ៣ ពាន់លានបាតត្រូវត្រៀមទុកសម្រាប់សេវាសុខភាពក្រោមកម្មវិធីសុខភាពជាសកល ខណៈ ១.៩ ពាន់លានដុល្លារដើម្បីទិញគ្រឿងផ្គត់ផ្គង់ និងឧបករណ៍វេជ្ជសាស្រ្ត និង ២ ពាន់លានបាតដើម្បីបង្កើនសមត្ថភាពសេវាសុខភាពនៅតាមខេត្ត។ ដោយឡែកចំពោះថវិកាសម្រាប់គាំទ្រ ២៧.២​ លាតបាត នឹងប្រើសម្រាប់ទិញឧបករណ៍ ហើយនឹងអភិវឌ្ឍគម្រោងបន្ទាន់ផ្នែកវេជ្ជសាស្ត្រថ្មី។ យ៉ាងណាមិញ យោងទៅតាមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយថា រដ្ឋាភិបាលបានត្រៀមថវិកាគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 និងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost