ការសាងសង់ពហុកីឡាដ្ឋានស្តង់ដារអន្តរជាតិរបស់កម្ពុជា ដែលមានឈ្មោះថាពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៨៥% ហើយនឹងត្រូវបញ្ចប់ជាស្ថាពរតាមការគ្រោងទុកនៅខែឧសភា ឆ្នាំ ២០២១ ។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមកម្ពុជា (CAMSOC) ឯកឧត្ដម ថោង ខុន បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់នៅដើមសប្តាហ៍នេះ។
នៅពេលសាងសង់រួចរាល់ ពហុកីឡាដ្ឋានដែលមានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញត្រូវបានគេរំពឹងថា នឹងតំណាងឱ្យមោទនភាពជាតិរបស់ប្រទេសកម្ពុជាក៏ដូចជាចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងចិន។

គួរឱ្យដឹងផងដែរថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានចាប់ផ្តើមនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយអាចផ្ទុកអ្នកទស្សនាបានប្រហែល ៦០,០០០ នាក់ការសាងសង់ពហុកីឡាដ្ឋានចំណាយថវិកាប្រមាណ ១៦០ លានដុល្លារតាមរយៈជំនួយឥតសំណងពីប្រទេសចិនដែលមានគោលបំណងចម្បងធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា៕


ប្រភព៖ ក្រសួងព័ត៌មាន


