ចាប់តាំងពីបានដាក់ចេញគម្រោងកែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តកាលពីដើមឆ្នាំ២០២០មក គិតមកទល់ពេលនេះអាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ យោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា មុននេះបន្តិចបានធ្វើការបង្ហោះនូវទិដ្ឋភាពផ្លូវមុខប្រាសាទអង្គរវត្តដ៏ស្រស់ត្រកាល ក្រោយត្រូវបានកែលម្អ និងបានចាក់កៅស៊ូអ៊ុតផ្លូវ រួចរាល់ជាស្ថាពរហើយ ។
សូមជម្រាបផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដើមឆ្នាំនេះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាន នៅបរិវេណមុខប្រាសាទអង្គរវត្តឲ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ បើទោះបីជានារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ មានការរំខានដោយសារជំងឺកូវីដ-១៩ ក៏ដោយក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច តូបលក់ដូរ ការដាំដើមឈើចម្រុះ និងដាំស្មៅលម្អ ដែលបង្កើតឱ្យបរិស្ថានខាងមុខនេះ មានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប៕







អត្ថបទ៖ លីនី


