ឥណ្ឌានឹងដាក់ដំណើរការ «អេធីអឹមអង្ករ » ស្រដៀងនឹងប្រទេសវៀតណាម ដើម្បីជួយដល់ប្រជាជនក្នុងតំបន់ក្រីក្រ
សេដ្ឋកិច្ច December 30, 2020 Khmernote

ម៉ាស៊ីនចែកចាយអង្ករ ឬ “ ម៉ាស៊ីនអេធីអឹមអង្ករ” នឹងត្រូវបានបង្កើតឡើងក្នុងតំបន់អនាធិបតេយ្យមួយក្នុងទីក្រុង Bengaluru ដែលជារដ្ឋធានីនៃរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីជួយដល់ប្រជាជនក្រីក្រក្នុងតំបន់នោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលឥណ្ឌាដែលមានឈ្មោះថា «Annapurti» ដែលកំពុងត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ។

បើតាមប្រភពដដែល ម៉ាស៊ីនចែកចាយអង្ករដោយស្វ័យប្រវត្តិនេះ គ្រោងនឹងបង្កើតឡើងនៅក្នុងរដ្ឋចំនួន ៥ របស់ឥណ្ឌា រួមមាន Maharashtra, Karnataka, Uttarakhand, Haryana, និង Uttar Pradesh។ ជាមួយគ្នានេះតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ម៉ាស៊ីនចែកចាយអាចចែកចាយទំនិញចំនួន ២ ដែលមានទំងន់ ២៥ គីឡូក្រាមក្នុងមួយនាទី ដែលធានាបន្ថែមទៀតថា អ្នករាល់គ្នានឹងទទួលបានចំណែករបស់ពួកគេ អាស្រ័យលើតំរូវការម៉ាស៊ីនដែលមានសមត្ថភាពដែលអាចផ្ទុកធញ្ញជាតិ ១០០-៥០០ គីឡូក្រាមនឹងត្រូវតំឡើង។

មន្រ្តីមួយរូបបាននិយាយថា៖ « យើងកំពុងរៀបចំតំឡើងម៉ាស៊ីននេះនៅតាមតំបន់ដែលមានកម្មករមានប្រាក់ចំណូលទាបរស់នៅ ដូច្នេះពួកគេនឹងមិនត្រូវតម្រង់ជួរនៅខាងក្រៅហាងលក់អាហារ ក្រោយចប់ពីការងារប្រចាំថ្ងៃឡើយ ដោយពីម៉ាស៊ីននេះនឹងដំណើរការ ២៤ម៉ោង ក្នុងមួយសប្ដាហ៍ពេញតែម្ដង »។ លោកក៏បាន​បន្ថែមផងដែរថា កាតឆ្លាតវៃនឹងត្រូវបានចេញរួមជាមួយនឹងការដាក់ប្រព័ន្ធស្កេនរនៅលើម៉ាស៊ីនដើម្បីធានាថាមនុស្សគ្រប់គ្នាទទួលបានចំណែកត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា គំរូនៃម៉ាស៊ីនអេធីអឹមអង្ករ ត្រូវបានផ្តួចផ្តើមឡើងនៅក្នុងប្រទេសវៀតណាមដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងត្រូវបានអនុវត្តនៅក្នុងប្រទេសមួយចំនួន។ ទន្ទឹមនឹងនេះកម្មវិធីស្បៀងអាហារពិភពលោកបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីនាំមកនូវការកែទម្រង់នៅក្នុងប្រព័ន្ធចែកចាយសាធារណៈតាមគោលដៅ (PDS) ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងរដ្ឋ Karnataka លោក K. Gopalaiah ថាគ្រោងការណ៍នឹងចាប់ផ្តើមនៅពេលដែលសំណើត្រូវបានអនុម័ត៕

អត្ថបទ៖ លីនី
ប្រភព​៖ vietnamplus