សហគ្រាសធុនតូច និងមធ្យមចំនួន ១២៥ នឹងទទួលបានថវិកាជំនួយ និងការបណ្តុះបណ្តាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិក (ប្រាំសែនដុល្លារ) ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មហៅកាត់ថា (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិហៅកាត់ថា (UNDP)។
មូលនិធិនេះ នឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលគំនិតអាជីវកម្ម និងគំនិតផ្តួចផ្តើមបែបនវានុវត្តន៍ និងកម្មវិធីផ្តល់ថវិកាគាំទ្រខ្នាតតូចរយៈពេល ០៦ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក លក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួនដែលលក់ផលិតផល និងសេវាកម្មទៅឱ្យអតិថិជននៅក្រៅប្រទេស តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ (B2B2C Marketplace) ដែលកំពុងបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជាហៅថា Gc4eCAM នេះត្រូវបានប្រកាសចាប់ផ្តើមអនុវត្តជួនពេលគ្នាជាមួយនឹងការអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ឯកឧត្តមបន្តថា គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា បង្កើនផលិតភាព នវានុវត្តន៍ ការពង្រីកអាជីវកម្មព្រមទាំងការ បង្កើតការងារនៅកម្ពុជា។

លោក Nick Beresford អ្នកតំណាងនិវេសនដ្ឋានអង្គការ UNDP ប្រចាំកម្ពុជាបានលើកឡើងថា យុទ្ធសាស្ត្រស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្មីរបស់កម្ពុជាគួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងជំរុញឱ្យមានការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងសង្គមទាំងមូល ជាពិសេសក្នុងចំណោមក្រុមដែលមានឱកាសតិចតួចអាចជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្នក្រោយពីកូវីដ-១៩ ។ ការវិនិយោគប្រកបដោយបរិយាប័ន្នលើធនធានមនុស្ស ការអភិវឌ្ឍជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់គ្រប់គ្នា គឺជាអ្វីដែលមានសារសំខាន់ជាចាំបាច់បំផុតនាពេលនេះ។

ចំណែកឯលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន EIF ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកក៏បានលើកឡើងដែរថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

យុទ្ធសាស្ត្រស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនៅក្រោមការគាំទ្រពី EIF ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងឆ្លើយតបចំពោះចំណុច រាំងស្ទះសំខាន់ៗដូចជា៖ ក្របខ័ណ្ឌច្បាប់និងគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ICT ជំនាញឌីជីថល និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន


