នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងពីការទិញវ៉ាក់សាំងកាពារជំងឺកូវីដ-១៩ មកកម្ពុជា ដោយសម្ដេចបានមានប្រសាសន៍ថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ យកមកកម្ពុជា មាន ៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ (COVAX) ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។
សូមបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍របស់សម្ដេចតេជោដែលបានប្រកាស គិតត្រឹមម៉ោង ២រសៀល ម្សិលមិញនេះ រាជរដ្ឋាភិបាលបានទទួលថវិកា ជាលុយដុល្លារចំនួន ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយសម្តេចតេជោបាន អរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានាដែលបានចូលរួមផងដែរ។ ជាមួយគ្នានេះ សម្ដេចបានបន្តថា កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជាទៅពិសោធន៍វ៉ាក់សាំងនោះទេ៕


អត្ថបទ៖ លីនី


