ប្រទេសកូរ៉េខាងត្បូង បានបញ្ចេញកញ្ចប់ថវិកាចំនួន ៩.៣ ទ្រីលានវ៉ុន (៨.៤៩ ពាន់លានដុល្លារ) កាលពីថ្ងៃអង្គារ (២៩ ធ្នូ) ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចដែលរងការវាយប្រហារដោយរលកទី៣ នៃជំងឺកូវីដ-១៩ និងអ្នកដែលងាយរងគ្រោះដោយសារភាពអត់ការងារធ្វើដោយសារការផ្ទុះឡើងនេះ។ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា ក្នុងចំណោមកញ្ចប់ថវិកាសរុបចំនួន ៥.៦ ទ្រីលានវ៉ុននឹងត្រូវបានប្រើដើម្បីផ្តល់ជាថវិកាដល់អាជីវកម្មខ្នាតតូចដែលរងគ្រោះដោយជំងឺនេះ និងជួយដល់កម្មករបណ្តោះអាសន្ន ឬបុគ្គលិកឯកជន និងអ្នកបើកតាក់ស៊ី។
ថវិកាចំនួន ២.៩ ទ្រីលានវ៉ុននឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមរួមមាន៖ រមណីយដ្ឋានជិះស្គី និងសណ្ឋាគារ និងដើម្បីរក្សាជនជាតិកូរ៉េឱ្យមានការងារធ្វើកាន់តែច្រើន។ ចំណែកទឹកប្រាក់ចំនួន ០.៨ ទ្រីលានវ៉ុនទៀតគឺសំដៅពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ។ ក្រសួងបាននិយាយថា ការចែកជូនជាសាច់ប្រាក់នឹងត្រូវផ្តល់ជូនចាប់ពីថ្ងៃទី ១១ ខែមករា ហើយរំពឹងថាវិធានការណ៍ចុងក្រោយអាចជួយដល់ប្រជាជនសរុបចំនួន ៥.៨ លាននាក់។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្ថែមការរឹតបន្តឹងថ្មីក្នុងសប្តាហ៍នេះដូចជា ការហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ៤ នាក់ និងបិទរមណីយដ្ឋានជិះស្គី និងកីឡាទេសចរណ៍ដែលមានគោលបំណងបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យណូអែល និងបុណ្យចូលឆ្នាំ។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃច័ន្ទ ទី ២៨ ខែធ្នូ កូរ៉េខាងត្បូងបានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពាឬជំងឺកូវីដ-១៩ ខណៈដែលខ្លួនបានបន្តរាយការណ៍អំពីករណីប្រចាំថ្ងៃដែលជិតនឹងត្រូវបានរកឃើញ និងបានរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីដែលទាក់ទងនឹងចក្រភពអង់គ្លេស៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


