កម្ពុជា រកចំណូលបានជាង ៤៧០ លានដុល្លារពីការនាំចេញស្វាយស្រស់
សេដ្ឋកិច្ច December 28, 2020 Chan Sreyny

ចាប់ពីខែមករា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ប្រមាណ ៩៤៥,២៧៤ តោនទៅកាន់ទីផ្សារបរទេសដោយគិតជាទឹកប្រាក់ប្រមាណ ៤៧៣,២០៧,៧០០ ដុល្លារអាមេរិក។ តួលេខនេះ ត្រូវបានចែករំលែកនៅក្នុងរបាយការណ៍បឋមស្តីពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មធំៗនៅឆ្នាំ ២០២០ ដែលចេញផ្សាយដោយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទន្ទឹមនឹងនេះ ផ្ទៃដីជាង ១០ ម៉ឺនហិកតានៅប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ដើម្បីដាំដើមស្វាយ ជាពិសេសនៅខេត្តកំពង់ស្ពឺ កំពត បាត់ដំបង និងបន្ទាយមានជ័យហើយផ្លែឈើប្រមាណ ១.៥ លានតោនអាចប្រមូលផលជារៀងរាល់ឆ្នាំ។

គួរឱ្យដឹងផងដែរថា ផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុប កូរ៉េខាងត្បូង ថៃ និងវៀតណាម ចំណែកផ្លែស្វាយស្រស់ប្រមាណ ៥០ ម៉ឺនតោនត្រូវបានគេរំពឹងថា នឹងនាំចេញទៅកាន់ទីផ្សារថ្មីរបស់កម្ពុជាគឺប្រទេសចិនជារៀងរាល់ឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន