យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌លោកស្រី Nancy Shukri បានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីកំពុងពិចារណាបើកព្រំដែនរបស់ខ្លួនដើម្បីជួយជំរុញវិស័យទេសចរណ៍។ នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២៧ ខែធ្នូ លោកស្រី Nancy បាននិយាយថា ប្រទេសម៉ាឡេស៊ីឥឡូវនេះកំពុងចរចាជាមួយប្រទេសសិង្ហបុរី ប្រ៊ុយណេ សាធារណរដ្ឋកូរ៉េ ជប៉ុន តៃវ៉ាន់ (ចិន) និងនូវែលហ្សេឡង់ដែលត្រូវបានគេស្គាល់ថាជាតំបន់បៃតង (Green Zones)។
លោកស្រី Nancy បានបន្តថា គាត់បានទទួលសំណើជាច្រើនពីអ្នកឧស្សាហកម្មទេសចរណ៍ក្នុងស្រុក ដើម្បីពិចារណាបញ្ហានេះដើម្បីរក្សាអាជីវកម្មរបស់ពួកគេ។ លោកស្រីបានបន្ថែមថា ទោះយ៉ាងណាបញ្ហានេះត្រូវពិភាក្សាបន្ថែមទៀតជាមួយក្រសួងផ្សេងទៀតដូចជា ក្រសួងសុខាភិបាលដើម្បីធានាថាយើងត្រូវបានអនុញ្ញាតឱ្យបើកព្រំដែនប្រទេស ដើម្បីជំរុញវិស័យទេសចរណ៍របស់យើង។

គួរឱ្យដឹងផងដែរថា លោកស្រីក៏បានជំរុញឱ្យភ្ញៀវទេសចរមកពី Green Zones ធ្វើដំណើរទៅកន្លែងផ្សេងទៀតសម្រាប់ថ្ងៃឈប់សម្រាក ប៉ុន្តែត្រូវអនុវត្តឱ្យបានពេញលេញនូវនីតិវិធីប្រតិបតិ្តការស្តង់ដារជាពិសេសការរក្សាគម្លាតក្នុងពេលធ្វើដំណើរ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


