តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរនៅឆ្នាំ ២០២១ ខាងមុខនេះ
ទេសចរណ៍ December 28, 2020 Chan Sreyny

គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ ក្នុងខេត្តក្រចេះ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរនាពេលខាងមុខនេះ។ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នឹងរៀបចំជារមណីយដ្ឋានហើយនឹងដំណើរការឆាប់ៗនេះ។ អ្វីដែលកំពុងដំណើរការ និងផ្តោតសំខាន់គឺការសុំអាជ្ញាបណ្ណទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍ ការគ្រប់គ្រងអនាម័យបរិស្ថាន ការកំណត់ទីតាំងសុវត្ថិភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកកំសាន្តនាដើមឆ្នាំ ២០២១ ខាងមុននេះ។

លោកថា វត្តសសរ១០០ ទាក់ទាញភ្ញៀវទេសចរស្រាប់ហើយ អញ្ចឹងហើយទើបវិស័យឯកជនមានបំណង
ចង់ចូលរួមកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តឱ្យមានភាពទាក់ទាញថែមទៀត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងសក្តិសមជាគោលដៅទេសចរណ៍កម្រិតខ្ពស់។

លោកបន្តទៀតថា គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នៃខេត្តក្រចេះនេះនឹងរួចរាល់ជាស្ថាពរនៅដើមឆ្នាំ ២០២១ ខាងមុខ។ ស្ពានឈើសម្រាប់ឆ្លងកាត់ទៅឆ្នេរខ្សាច់នោះ បានសង់រួចរាល់ហើយបច្ចុប្បន្នក្រុមការងារកំពុងសាងសង់កញ្ចុះ និងពិនិត្យកម្ពស់ទឹកសម្រាប់កំណត់ទីតាំងឱ្យភ្ញៀវទេសចរចុះលេងកម្សាន្ត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបញ្ជាក់ថា បច្ចុប្បន្នភ្ញៀវអាចទៅលេងបាន ព្រោះរោងទឹកខ្លះ កន្លែងលក់ម្ហូបអាហារខ្លះកំពុងតែរៀបចំបណ្តើរៗហើយ តែរួចរាល់នៅដើមខែមករា ឆ្នាំថ្មីនេះហើយ។ លោកបានបន្ថែមទៀតថា គម្រោងអភិវឌ្ឍន៍ខាងលើនេះ គិតគូរខ្ពស់លើការរក្សាបរិស្ថាន សុវត្ថិភាពហើយធានាថា ជាតំបន់ដែលមានសក្តានុពលខ្ពស់យូរអង្វែង។

សូមបញ្ជាក់ថា គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ មានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តក្រចេះ ដែលមានចម្ងាយ ៣៦គីឡូម៉ែត ពីទីរួមខេត្ត៕

ប្រភព៖ ក្រសួងព័ត៌មាន