រដ្ឋាភិបាលជប៉ុន បានប្រកាសកាលពីថ្ងៃសៅរ៍ ទី ២៦ ខែធ្នូថា ប្រទេសជប៉ុននឹងហាមឃាត់ការចូលពីគ្រប់ប្រទេសទាំងអស់ដែលចាប់ផ្ដើមចាប់ពីថ្ងៃច័ន្ទ ទី ២៨ ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ទម្រង់ថ្មីពីចក្រភពអង់គ្លេស។ ការហាមឃាត់នេះ នឹងចូលជាធរមានរហូតដល់ចុងខែមករា។ សារព័ត៌មាន Nikkei បានរាយការណ៍ថា មានតែជនជាតិជប៉ុន និងជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។
រដ្ឋាភិបាលបាននិយាយថា ខ្លួនបានសំរេចចិត្តចាត់វិធានការណ៍នេះខណៈដែលជំងឺនេះត្រូវបានរកឃើញដំបូងនៅប្រទេសអង់គ្លេស ហើយកំពុងតែរីករាលដាលនៅក្នុងប្រទេសមួយចំនួន។ ទីក្រុងតូក្យូ ក៏បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩៤៩ ករណីកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ។
ក្រុមមន្រ្តីក៏បាននិយាយផងដែរថា មនុស្សពីរនាក់ទៀតនៅក្នុងប្រទេសជប៉ុនត្រូវបានបញ្ជាក់ថាបានឆ្លងជំងឺ Covid-19 ទម្រង់ថ្មីដែលធ្វើឱ្យចំនួនសរុបមកដល់ពេលនេះមានដល់ ៧ នាក់ហើយ។ ការឆ្លងមួយក្នុងចំណោមការឆ្លងសរុប ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ ត្រូវបានគេនិយាយថាជាករណីឆ្លងដំបូងគេនៅក្នុងស្រុក។

ទន្ទឹមនឹងនេះ ជប៉ុនបានបញ្ជាក់ពីករណីឆ្លងជំងឺ Covid-19 ចំនួន ៣,៨៨១ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ហើយក៏ជាចំនួនសរុបប្រចាំថ្ងៃសម្រាប់រយៈពេលបួនថ្ងៃជាប់ៗគ្នា និងមានអ្នកស្លាប់ចំនួន ៤៦ នាក់ខណៈដែលទីក្រុងតូក្យូ និងខេត្តជាច្រើនទៀតបានរាយការណ៍ពីចំនួនអ្នកឆ្លងខ្ពស់បំផុតនៅថ្ងៃឈប់សម្រាកចុងឆ្នាំ។ ករណីឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសជប៉ុនសរុបមានចំនួន ២១៩,០៧០ ករណី។
ចាប់តាំងពីខែតុលា ជប៉ុនបានអនុញ្ញាតឱ្យជនបរទេសចូលស្នាក់នៅរយៈពេលយ៉ាងតិចបីខែ ដោយលក្ខខណ្ឌដែលពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។ បន្ទាប់ពីការលេចចេញនូវទម្រង់ថ្មីនៃជំងឺ Covid-19 រដ្ឋាភិបាលបានហាមឃាត់ការចូលមកពីចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ បន្ទាប់មកប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃសៅរ៍។ ឥឡូវនេះ ការចេញទិដ្ឋាការរយៈពេលវែងនឹងត្រូវផ្អាកសម្រាប់ជនជាតិទាំងអស់។

គួរឱ្យដឹងផងដែរថា ក្រៅពីចក្រភពអង់គ្លេស និងជប៉ុនជំងឺ Covid-19 ទម្រង់ថ្មីត្រូវបានគេរកឃើញនៅប្រទេសបារាំង អ៊ីតាលី ហូឡង់ ដាណឺម៉ាក ស៊ុយអែត អូស្ត្រាលី និងអាល្លឺម៉ង់គិតត្រឹមថ្ងៃសៅរ៍។ Covid-19 ទម្រង់ថ្មីនេះត្រូវបានគេនិយាយថា អាចឆ្លងលឿនរហូតដល់ ៧០% លឿនជាងទម្រង់ដើម ប៉ុន្តែអ្នកជំនាញខាងវេជ្ជសាស្ត្រមិនជឿថាវាធ្វើឱ្យមនុស្សឈឺ ឬមានភាពធន់នឹងវ៉ាក់សាំងដែលមានស្រាប់នោះទេ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


