ការនាំចេញបង្គារបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងកើនឡើង ១២.៤% នៅឆ្នាំនេះ ដោយឈានដល់តម្លៃ ៣.៧៨ ពាន់លានដុល្លារអាមេរិក បើទោះបីជាឧស្សាហកម្មអាហារសមុទ្រត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវីរុស Covid-19 ក៏ដោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ក្នុងរយៈពេល ១១ខែដំបូង ក្នុងឆ្នាំ២០២០ នេះ ការនាំចេញបង្គាទៅកាន់ទីផ្សារបរទេសភាគច្រើនមានស្ថេរភាព ហើយទីផ្សារទាំងនោះសុទ្ធតែជាទីផ្សារធំៗ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន អង់គ្លេស កាណាដា និងអូស្រ្តាលី នេះបើយតាមការឲ្យដឹងពីសមាគមអ្នកនាំចេញនិងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP) ។
ជាមួយគ្នានេះប្រភពដដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាអ្នកទិញធំជាងគេ ដោយការទិញរបស់ខ្លួន ៨០៦.៦ លានដុល្លារដែលតំណាងឱ្យការកើនឡើង ៣៤ ភាគរយ។ ខណៈជប៉ុនជាអ្នកនាំចូលធំលំដាប់ទី២ បន្ទាប់មកមានចិន និងអឺរ៉ុប ដោយការនាំចេញទៅអឺរ៉ុបបានលោតឡើងក្នុងត្រីមាសទី៣ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម។

គួរឲ្យដឹងផងដែរថា បង្គា គឺជាផលិតផលដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារការនាំចេញអាហារសមុទ្រទៅកម្រិតមុនរាតត្បាត បន្ទាប់ពីអ្នកនាំចេញត្រូវបានខាតបង់ ដោយសារការបញ្ជាទិញតិចតួចនៅក្នុងត្រីមាសទី២ ដែលបណ្ដាលមកពីជំងឺរាតត្បាត។ ការនាំចេញរបស់ប្រទេសនេះបានកើនឡើង ១១.៣% ដល់ ៣.៤ ពាន់លានដុល្លារក្នុងរយៈពេលនេះ ខណៈពេលដែលតម្រូវការ pangasius បានធ្លាក់ចុះ ២៤ ភាគរយ និងត្រីធូណា ៩.៥ ភាគរយ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


