រដ្ឋាភិបាលកម្ពុជាកាលពីថ្ងទី២៤ ធ្នូ កន្លងទៅនេះបាន សេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។ នៅក្នុងសេចក្ដីណែនាំនោះដែរ រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តលើកលែងពន្ធប្រចាំខែ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ខែ បន្ថែមទៀត ពោលគឺគិតចាប់ពីខែមករា រហូតដល់ខែ មីនា ឆ្នាំ២០២១។
បើយោងតាមសេចក្ដីណែនាំដដែលបានបញ្ជាក់ថា ការបន្តលើកលែងពន្ធរយៈពេល ០៣ខែ បន្ថែមទៀតនេះ គឺសម្រាប់តែអាជីវកម្មជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករនិងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងកំឡុងពេលនៃការលើកលេងនេះ។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ដែលបានចេញផ្សាយនៅដើមខែនេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២០នេះ បានធ្លាក់ចុះ ៧៦.១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនេះ មួយចំនួនធំបណ្ដាលមកពីការរាតត្បាតនៃវីរុស Covid-19 ដែលបង្ខំឲ្យមានការរឹតត្បិតការធ្វើដំណើរនៅទូទាំងពិភពលោក៕






អត្ថបទ៖ លីនី


