នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែនហើយ បន្ទាប់ពីប្រាសាទនេះមានខឿនពុកផុយ និងស្រុតផ្នែកខាងលិច។ រីឯជញ្ជាំងមានប្រេះហែកជាច្រើនកន្លែង ស៊ុមទ្វារខាងកើតបម្រុងជ្រុះធ្លាក់ និងមានការពុកផុយផ្នែកខ្លះនៃដំបូល។ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ថា ការខូចខាតទាំងនេះបណ្តាលមកពីកត្តាមនុស្ស ធម្មជាតិ និងអាយុកាលដែលជាមូលហេតុចម្បងដូចជា៖ មានជនខិលខូចជីកកកាយគ្រឹះប្រាសាទ ឫសឈើដុះចាក់ហែកខឿន ជញ្ជាំង និងដំបូលប្រាសាទហើយដើមឈើខ្លះទៀតរលំសង្កត់លើតួប្រាសាទ។
លោក ឡុង កុសល បានឱ្យដឹងទៀតថា ក្នុងការងារជួសជុលប្រាសាទនេះក្រុមការងារបានពង្រឹងខឿនដែលពុកផុយនៅជ្រុងទាំង ៤ រៀបពង្រឹងខឿនផ្នែកខាងលិចដែលស្រុត ចាក់ថ្នាំសម្លាប់កូនរុក្ខជាតិ និងសម្អាតឫសដើមឈើដែលដុះលើជញ្ជាំង និងដំបូលប្រាសាទដើម្បីបញ្ឈប់ការលូតលាស់របស់ដើមឈើបន្តទៀត។

លោក ឡុង កុសល បានបញ្ជាក់ថា ក្រុមការងារក៏បានជួសជុលពង្រឹងផ្នែកដំបូល ស៊ុមទ្វារខាងកើត ជ្រុងប្រាសាទនៅរួតទី១ និងទី២ ដំឡើងសសរពេជ្រចូលទីតាំងដើមវិញ និងរើរៀបពង្រឹងកាំជណ្តើរខាងមុខ បិទភ្ជិតជញ្ជាំងប្រេះហែកពុកផុយ រៀបបំពេញក្បាលសសរផ្អោបខាងកើត និងខាងលិចឡើងវិញ សម្អាតដីនៅរួតទី១ លុបថ្នក់ទឹក និងធ្វើចង្អូររំដោះទឹកភ្លៀងចេញពីប្រាសាទផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន


