ទំហំវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ស្ថិតក្នុងលំដាប់ទីពីរ ដែលមានទឹកប្រាក់ចំនួន ៥.៧ ប៊ីលានដុល្លារ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ាក ហឺងឃ្យង (Park Heung- Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលឯកឧត្តមចូលជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០នេះ នៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបនោះ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដោយឃើញទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋ ទូត បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
ឯកឧត្តមសង្ឃឹមថា ក្នុងឱកាសដែលសាធារណរដ្ឋកូរ៉េនឹងរៀបចំខួបលើកទី៤០ នៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងព្រះរាជាណាចក្រកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅដើមខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ថ្នាក់ដឹកនាំកំពូលនៃ ប្រទេសទាំងពីរ ក៏នឹងមានឱកាសបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរបានឡើងដល់ចំនួន ០១កោដិដុល្លារ នៅឆ្នាំ២០១៩ ហើយក្នុងនោះ ទំហំនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ស្ថិតក្នុងលំដាប់ទីពីរដែលមានទឹកប្រាក់ចំនួន ៥,៧ ប៊ីលានដុល្លារ។ ក្នុងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ អ្នកទេសចរកូរ៉េបានមកទស្សនាកម្ពុជាមានជាង ៤សែននាក់ជារៀងរាល់ឆ្នាំ។ ចំណែកឯពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួន ៤ម៉ឺននាក់។

បើទោះបីជាឆ្នាំនេះ មានការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏សាធារណរដ្ឋកូរ៉េនៅ តែបន្តទទួលយកពលករកម្ពុជាមកធ្វើការនៅសាធារណរដ្ឋកូរ៉េដដែល។ ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានរៀបចំយ៉ាងយកចិត្ត ទុកដាក់ក្នុងឆ្នាំ២០២០នេះ ហើយសាធារណរដ្ឋកូរ៉េបានផ្តល់សច្ចាប័នទៅលើច្បាប់ស្តីពីការ មិនយកពន្ធត្រួតគ្នា លើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីររួចហើយ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តមផ្ទាល់នឹងខិតខំឱ្យអស់ពីកម្លាំង កាយចិត្តដើម្បីពង្រីកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស ទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះសម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត។ សម្តេចបានសម្តែងនូវការអបអរសាទរដ៏កក់ក្តៅជូនឯកឧត្តម ប៉ាក ហឺងឃ្យង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងខិតខំបន្ត លើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋកូរ៉េឱ្យកាន់តែល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និង ប្រជាជនកូរ៉េទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន


