ការប្រើប្រាស់ស្រាបៀរសកលបានកើនឡើង ២ឆ្នាំជាប់ៗគ្នា ដោយសារប្រជាជននៅតំបន់អាស៊ី និងអាហ្វ្រិកចំណាយកាន់តែច្រើនលើស្រាបៀរ
សេដ្ឋកិច្ច December 25, 2020 Khmernote

ក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាបៀរជប៉ុនដ៏ធំមួយគឺ Kirin Holdings Co. បាននិយាយកាលពីពេលថ្មីៗនេះថា ការប្រើប្រាស់ស្រាបៀរលើសាកលលោកនៅឆ្នាំ​២០១៩ បានកើនឡើង ហើយកើនក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា ដោយសារមានតម្រូវការខ្លាំងនៅអាស៊ី និងអាហ្រ្វិក។ ប្រភពដដែលបានឲ្យដឹងថា ការប្រើប្រាស់សកលបានកើនឡើង ០.៥% ដោយឈានដល់ចំនួន ១៨៩.០៥ លានគីឡូលីត្រ ដោយប្រជាជននៅតំបន់អាស៊ី និងអាហ្វ្រិកចំណាយកាន់តែច្រើនលើស្រាបៀរ។ ជាក់ស្ដែងក្នុងនោះទទួលបានចំណូលប្រចាំឆ្នាំ ០.៧% ពីអាស៊ី និង ៥.២% ពីអាហ្រ្វិក។

ជាមួយគ្នានេះដែរ តាមការលើកឡើងរបស់ក្រុមហ៊ុនខាងលើ អាស៊ីជាអ្នកប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុលច្រើនជាងគេក្នុងរយៈពេល ១២ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ ប្រទេសចិនឈរនៅលំដាប់កំពូលសម្រាប់ឆ្នាំទី១៧ ជាប់ៗគ្នាជាមួយនឹងការប្រើប្រាស់ ៣៩.២២ លានគីឡូលីត្រ ធ្លាក់ចុះ ០.៤% ហើយសហរដ្ឋអាមេរិកឈរនៅលំដាប់ទី២ ដោយមានចំនួន ២៣.៩២ លានគីឡូលីត្រធ្លាក់ចុះ ០.៥%។ ដោយឡែកប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ទី៧ សម្រាប់ឆ្នាំទី១៣ ជាប់ៗគ្នាដែលមានចំនួន ៤.៨៧ លានគីឡូលីត្រពោលគឺធ្លាក់ចុះ ១.៤% ដោយសារតែរងឥទ្ធិពលដោយសីតុណ្ហភាពទាបនៅក្នុងខែកក្កដា និងព្យុះទីហ្វុងដ៏ធំមួយនៅក្នុងខែតុលា។

ទន្ទឹមនឹងនេះដែរអាហ្រ្វិកខាងត្បូងឈរនៅចំណាត់ថ្នាក់ទី ១២ ដោយការប្រើប្រាស់កើនឡើង ៥.០% ពីឆ្នាំមុនដល់ ៣.៦២ លានគីឡូលីត្រ ដោយសារផ្នែកខ្លះនៃជ័យជម្នះរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាបាល់ឱបពិភពលោកដែលធ្វើឡើងនៅប្រទេសជប៉ុន។ ហើយបើនិយាយពីការប្រើប្រាស់ស្រាបៀរប្រចាំឆ្នាំក្នុងមួយឆ្នាំៗ សាធារណរដ្ឋឆែកទទួលបានចំណាត់ថ្នាក់ទី១ សម្រាប់ឆ្នាំទី២៧ ជាប់ៗគ្នា គឺមានចំនួន ១៨៨.៦ លីត្រ ខណៈប្រទេសជប៉ុនបានប្រើប្រាស់ចំនួន ៣៨.៤ លីត្រក្នុងមនុស្សម្នាក់ ទទួលបានចំណាត់ថ្នាក់ទី៥៣៕

អត្ថបទ៖ លីនី
ប្រភព៖ japantimes