យោងតាមសារព័ត៌មាន laotiantimes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសឡាវបានហាមឃាត់ជាបណ្ដោះអាសន្ននូវការនាំចូលគ្រឿងសមុទ្រពីប្រទេសថៃ ដោយសារការផ្ទុះឡើងជាថ្មី និងក្នុងទំហំធំនៃវីរុស Covid-19។ ក្នុងនោះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានចេញសេចក្តីជូនដំណឹងហាមប្រាមការនាំចូលគ្រឿងសមុទ្រស្រស់ និងក្លាសេពីប្រទេសថៃឲ្យបានតឹងរឹងបំផុត ដើម្បីជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដោយអាជ្ញាធរឡាវបារម្ភថាអាហារសមុទ្រដែលមានផ្ទុកមេរោគអាចឆ្លងចូលប្រទេសឡាវបាន ប្រសិនបើមិនហាមឃាត់ការនាំចូលភ្លាមៗ។
យ៉ាងណាមិញនៅក្នុងសសេចក្ដីជូនដំណឹងខាងលើបានរៀបរាប់ចំណុចចំនួន ៣ ថា៖ ១. ការនាំចូលគ្រៀងសមុទ្រស្រស់ និងក្លាសេពីប្រទេសថៃត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន។ ២. នេះជាវិធានការណ៍បណ្តោះអាសន្នហើយនឹងនៅតែមានជាផ្លូវការរហូតដល់មន្រ្តីពាក់ព័ន្ធពីប្រទេសឡាវ និងថៃអាចពិគ្រោះ និងរួមគ្នាបង្កើតវិធានការណ៍ដើម្បីធានាសុវត្ថិភាពអាហារសមុទ្រដែលនាំចូលពីប្រទេសថៃ ហើយអះអាងថាវាគ្មានការចម្លងរោគពីសំណាក់វីរុស Covid-19 ។ ៣. នាយកដ្ឋានស្បៀងអាហារ និងឱសថទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងអាជ្ញាធរឡាវ និងថៃដើម្បីរកដំណោះស្រាយឱ្យបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា វិធានការនេះបានកើតឡើងបន្ទាប់ពីខេត្ត សាមុតសាខន ក្នុងប្រទេសថៃបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះជំងឺ Covid-19 ថ្មី នៅក្នុងប្រទេសនេះ ដោយមានមនុស្សជាង ១,០០០ នាក់បានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់ពីអ្នកលក់ដុំបង្គាម្នាក់បានឆ្លងជំងឺនេះកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះដែរសេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា លើកលែងតែមានការជំនួសដោយសេចក្តីជូនដំណឹងថ្មី៕




អត្ថបទ៖ លីនី
ប្រភព៖ laotiantimes


