នាល្ងាចថ្ងៃទី ២៣ ខែឆ្នូ ឆ្នាំ ២០២០ នេះតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍ ទី ១៥ ខែធ្នូ កន្លងទៅថ្មីៗនេះក្នុងអំឡុងពេលថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាបាលបានសម្រេចឲ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀតគឺសម្រាប់ ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរថា ការសម្រេចបន្តផ្តល់ការឧបត្ថម្ភគឺដោយសារតែសម្តេចតេជោយល់ឃើញថា កម្មវិធីនេះពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។

ជាមួយគ្នានោះ ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយសម្តេចតេជោចង់ផ្តល់សាច់ប្រាក់នេះឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។

សូមបញ្ជាក់ផងដែរថា ការងារបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និងប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀសវាងឱ្យខានតែបាននូវការយោគយល់ និងឃុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ត ឬអ្នកស្គាល់គ្នាដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ផ្ទុយពីនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។

ដើម្បីឲ្យការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ កាន់តែធានាបាននូវប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងផែនការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីជាបន្ទាន់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

សម្តេចតេជោ ហ៊ុន សែន នឹងចាត់វិធានការណ៍ក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុងភូមិ ឬឃុំ-សង្កាត់ណាមួយ។ សម្តេចតេជោ បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗគ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន


