គម្រោងជួសជុលផ្លូវវង់ធំ ចាប់ពីចំណុចមុខប្រាសាទប្រែរូបរហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតគ្រោងនឹងបញ្ចប់នាចុងឆ្នាំ ២០២១ ខាងមុខដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២០ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរាបានជួសជុលកំណាត់ផ្លូវវង់ធំចាប់ពីមុខប្រាសាទប្រែរូបរហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតដែលមានប្រវែង ១៨00ម៉ែត្រ។
លោកបញ្ជាក់ថា គម្រោងនេះគឺជាការបន្តការជួសជុលពីឆ្នាំ ២០១៩ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលកែលម្អកំណាត់ផ្លូវវង់ធំចាប់ពីប្រាសាទនាគព័ន្ធ រហូតដល់ប្រាសាទមេបុណ្យខាងកើតប្រវែង ៥គីឡូម៉ែត្រ។

លោកបន្តថា គម្រោងជួសជុលកែលម្អផ្លូវវង់ធំនៅក្នុងរមណីយដ្ឋានអង្គរ មានប្រវែងប្រមាណ ២០គីឡូម៉ែត្រ នេះគឺមិនបានជួសជុលទាំង ២០គីឡូម៉ែត្រ តែម្តងនោះទេព្រោះការធ្វើនេះទៅតាមលទ្ធភាពថវិកាប្រចាំឆ្នាំ។ លោកបន្តថា បច្ចុប្បន្នក្រុមការងារកំពុងអនុវត្តការងារជួសជុលកែលម្អផ្លូវចាប់ពីមុខប្រាសាទប្រែរូបរហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតមានទទឹង ៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២១ ខាងមុខ។

សូមបញ្ចាក់ដែរថា កំណាត់ផ្លូវវង់ធំក្នុងតំបន់ឧទ្យានអង្គរមានប្រវែងជាង ២០គីឡូម៉ែត្រ ផ្លូវនេះជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកស្រុកអង្គរផង និងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ផង៕

ប្រភព៖ ក្រសួងព័ត៌មាន


