អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា គណៈរដ្ឋមន្រ្តីបានយល់ព្រមលើសំណើរបស់ក្រសួងការងារក្នុងការទូទាត់សំណងដល់អ្នកដែលបានចុះឈ្មោះចូលក្នុងមូលនិធិសន្ដិសុខសង្គម (SSF) ដែលគ្មានការងារធ្វើដោយសារជំងឺរាតត្បាត Covid-19 ។ យោងតាមសំណើនេះកម្មករដែលមានធានារ៉ាប់រងនឹងទទួលបាន ៥០% នៃប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេ ដោយផ្អែកលើប្រាក់ខែអតិបរមា ១៥,០០០ បាត (ប្រមាណ ៥០០ ដុល្លារ) សម្រាប់រយៈពេលអតិបរមា ៩០ ថ្ងៃ ហើយគម្រោងនេះបានចូលជាធរមាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ។

រដ្ឋមន្រ្តីក្រសួងការងារលោក Suchart Chomklin បាននិយាយកាលពីថ្ងៃអង្គារថា គម្រោងផ្តល់សំណងនេះគួរតែកាត់បន្ថយការលំបាកសម្រាប់ការធានារ៉ាប់រងរបស់កម្មករថៃ និងជនចំណាកស្រុកដែលប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ។ លោកបានបន្តថា៖ «យើងបានវាយតម្លៃស្ថានភាព ហើយបានសំរេចចិត្តធ្វើផែនការនេះឡើង ដោយវាគួរតែជួយបន្ធូរបន្ថយការព្រួយបារម្ភដល់កម្មករដែលអាចនឹងបាត់បង់ប្រាក់ចំណូល ខណៈនាយករដ្ឋមន្រ្តីបានណែនាំក្រសួងឱ្យយកចិត្តទុកដាក់ចំពោះកម្មករទាំងនោះ »។

បើតាម លោកស្រី Rachada Dhnadirek បានឲ្យដឹងថា វិធានការនេះមានគោលបំណងកាត់បន្ថយការលំបាករបស់កម្មករដែលមានធានារ៉ាប់រងនៅតាមខេត្តដែលមានហានិភ័យខ្ពស់ដូចជា សាមុតសាខន សាមុតសុងក្រាម ណាខនផាណុម ណុនថាបូរី និងបាងកក បន្ទាប់ពីការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ។ ជាមួយគ្នានេះចំនួនកម្មករដែលមានធានារ៉ាប់រងនៅតាមបណ្តាខេត្តទាំងនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥.៧ លាននាក់ ហើយគម្រោងផ្តល់ជំនួយសង្គ្រោះត្រូវបានប៉ាន់ប្រមាណថាត្រូវចំណាយថវិកាប្រមាណ ៥ ពាន់លានបាត (ប្រមាណជាង ១៦៥ លានដុល្លារអាមេរិក)។

អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងបន្ថែមថា ការដាក់ចេញវិធានការនេះ គឺដើម្បីផ្តល់ការធានាដល់កម្មករក្នុងករណីមានការបិទអាជីវកម្ម ដោយនៅពេលជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងកាលពីដើមឆ្នាំនេះ បានបង្ខំឱ្យអាជីវកម្មបិទទ្វារ ហើយគណៈរដ្ឋមន្រ្តីបានយល់ព្រមលើសំណើដើម្បីបង់ ៦២% នៃប្រាក់ឈ្នួលប្រចាំថ្ងៃដោយផ្អែកលើប្រាក់ខែអតិបរមា ១៥,០០០ បាតសម្រាប់រយៈពេលអតិបរមា ៩០ ថ្ងៃ ដើម្បីធានារ៉ាប់រងដល់កម្មករដែលត្រូវបានគេបង្ខំឱ្យឈប់ធ្វើការ ដោយគម្រោងផ្តល់ជំនួយសង្គ្រោះនេះបានបញ្ចប់កាលពីខែសីហា៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


