ជប៉ុន ផ្ដល់ជំនួយជិត​ ៣០​ ម៉ឺនដុល្លារសម្រាប់បង្កើនសមត្ថភាពផ្នែកសុខាភិបាល និងអប់រំនៅកម្ពុជា
សេដ្ឋកិច្ច December 22, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៨៨,៨៧៣ ដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ការបំពាក់ឧបករណ៍ពេទ្យ ឧបករណ៍បោះពុម្ពអក្សរប្រៃយ៍ និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យការស្តាប់ឮ។ កិច្ចសន្យាផ្តល់ជំនួយ ក្រោមគម្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​ ២០២០ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយចំនួន ៣ ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងថា ថវិកាចំនួន ៨៧,៩០០ ដុល្លារក្នុងគម្រោងទី១ ត្រូវបានផ្តល់សម្រាប់គម្រោងបំពាក់ឧបករណ៍ពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវមានដូចជា៖ ម៉ាស៊ីនកាំរស្មីអ៊ិច ១គ្រឿង ម៉ាស៊ីនថតឆ្លុះអេកូ ១គ្រឿង និងម៉ាស៊ីនភ្លើង ១គ្រឿង ខណៈបច្ចុប្បន្នមន្ទីរពេទ្យនេះ ពុំមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានគ្រប់គ្រាន់ដោយសារតែកង្វះខាតឧបករណ៍។ តាមរយៈគម្រោងនេះអ្នកជំងឺប្រមាណ ១,៥០០ នាក់នឹងទទួលបានសេវាវេជ្ជសាស្ត្រមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ។

ឯកឧត្តម បន្តថា សម្រាប់គម្រោងទី២ ដែលមានទឹកប្រាក់ចំនួន ៩៦,៧២៦ ដុល្លារគឺការបំពាក់ឧបករណ៍បោះពុម្ពអក្សរប្រៃយ៍ចំនួន ៤ និងឧបករណ៍ថតសម្លេងចំនួន ៤ នៅសាលាពិសេសនារាជធានីភ្នំពេញ និងខេត្តចំនួន៣មានដូចជា៖ កំពង់ចាម ខេត្តសៀមរាប និង ខេត្តបាត់ដំបង។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងជួយដល់សិស្ស និងគ្រូជាង ២១០ នាក់ទទួលបានការសិក្សាប្រសើរជាងមុន។

ចំណែកគម្រោងទី៣ មានទឹកប្រាក់សរុប ១០៣,៨៤៧ ដុល្លារសម្រាប់ការតម្លើងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យការស្តាប់ឮដូចជា៖ ឧបករណ៍ប្រព័ន្ធវាស់ស្ទង់កម្រិតសំឡេងក្នុងរន្ធត្រចៀក និងប្រព័ន្ធកំណត់ពាក្យនិយាយ ប្រព័ន្ធអូតូស្តុប ឧបករណ៍វាស់ចលនាក្រដាសត្រចៀក ឧបករណ៍វាស់កម្រិតសំឡេងសុទ្ធ និងវាស់កម្រិតពាក្យនិយាយ និងឧបករណ៍វិភាគសំពាធខ្យល់ និងចលនាឆ្អឹងក្នុងត្រចៀកកណ្តាល។

លោកវេជ្ជបណ្ឌិត វ៉ូន គ្លីន នាយកអង្គការសុខភាពត្រចៀកនៅកម្ពុជារំពឹងថា ឧបករណ៍វេជ្ជសាស្ត្រទាំងនេះនឹងធ្វើឱ្យប្រសើរឡើងនូវសេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដល់អ្នកខ្សោយផ្នែកស្តាប់ឮប្រមាណជាង ៧,៥០០នាក់។

គួរឱ្យដឹងផងដែរថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ ១៩៩១ ដោយមកទល់បច្ចុប្បន្នមានទឹកប្រាក់ជាង ៦២ លានដុល្លារដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងគម្រោងសរុបចំនួន ៦៣៨ គម្រោងនៅទូទាំងប្រទេសកម្ពុជាដោយផ្តោតលើកិច្ចការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍៕

ប្រភព៖ ក្រសួងព័ត៌មាន