យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី២១ នេះ គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តនូវសេចក្ដីព្រាងលើកញ្ចប់ថវិកាជាតិ ដ៏ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុនរហូតដល់ ១.០៣ ទ្រីលានដុល្លារអាមេរិក សម្រាបឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១។ ការអនុម័តលើសេចក្ដព្រាងនៃកញ្ចប់ថវិកាថ្មីនេះ គឺស្ថិតក្នុងពេលដែលប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយវីរុស Covid-19។ កញ្ចប់ថវិកាប្រចាំឆ្នាំទំហំ ១០៦.៦ទ្រីលានយ៉េន (១.០៣ទ្រីលានដុល្លារអាមេរិក) នេះ គឺមានការកើនឡើង ៤% ពីកម្រិតដំបូងនៃឆ្នាំនេះ និងកើនឡើងរយៈពេល ៩ ឆ្នាំជាប់គ្នា ដោយមានបំណុលថ្មីដល់ទៅ ៤៣.៦ ទ្រីលានយ៉េនស្មើនឹង ៤០.៩%នៃប្រាក់ចំណូល។
យ៉ាងណាមិញនេះមិនមែនមានតែប្រទេសជប៉ុននោះទេ រាប់ចាប់ពីពីអឺរ៉ុបដល់អាមេរិក រួមទាំងមេដឹកនាំ ឬ អ្នកធ្វើគោលនយោបាយនៅទូទាំងពិភពលោក បានបញ្ចេញសកម្មភាពជំរុញរូបិយវត្ថុ និងសារពើពន្ធដើម្បីទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ជ្រៅនិងអូសបន្លាយពេល ដែលជំងឺរាតត្បាតបានបិទព្រំដែនអន្តរជាតិហើយបានបណ្តេញមនុស្សជាច្រើនចេញពីការងារ។ គួរបញ្ជាក់ផងដែរថា នៅប្រទេសជប៉ុនកំណែទម្រង់សារពើពន្ធត្រូវបានទុកចោលរួចមកហើយ ខណៈដែលនាយករដ្ឋមន្រ្តី Yoshihide Suga បានផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងជំងឺរាតត្បាត និងជំរុញកំណើនសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលពន្ធ៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


