អ្នកចង់ធ្វើប្រហុក ផ្អក ប្រញាប់ឡើង ខណៈមន្ត្រីរដ្ឋបាលជលផលលើកឡើងថា រដូវធ្វើប្រហុក ផ្អក មានរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ
សេដ្ឋកិច្ច December 21, 2020 Khmernote

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះថា រដូវធ្វើប្រហុកបានចាប់ផ្តើមនៅថ្ងៃនេះហើយ គឺចាប់ពីថ្ងៃ៦កើត រហូតដល់១២កើត ត្រូវនឹងថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកបានសន្និដ្ឋានថា ត្រីនឹងចាប់ផ្តើមត្រូវខ្លាំងគឺនៅថ្ងៃទី១០កើត ឬ ១១កើត។ ដោយឡែក អ៊ុំស្រី ម៉ៅ ដែលជាអ្នកលក់ត្រី ប្រមាណជាង២០ឆ្នាំមកហើយនៅផ្សារ គឺឡូម៉ែត្រលេខ៦ បានឱ្យដឹងថា នៅរដូវធ្វើត្រីប្រហុកនេះ អ៊ំស្រីក៏លក់ត្រីដើម្បីធ្វើប្រហុកដែរ ដោយត្រីដែលកាត់ក្បាលរួចគឺលក់ក្នុងតម្លៃ១គីឡូ ១ម៉ឺនរៀល ដោយឡែកត្រីដែលលក់នៅកន្លែងប្រមូលផលវិញ គឺថោកជាងនេះ ហើយបន្ទាប់ពីផុតរដូវវិញ អ៊ុំស្រីនឹងលក់ត្រីធម្មតាវិញ មានដូចជាត្រីផ្ទក់ ត្រីអណ្តែង និងត្រីឌៀប ។ល។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងពីកាលបរិច្ឆេទនៃរដូវធ្វើប្រហុក ផ្អក។ល។ ចាប់ពីថ្ងៃទី២០ រហូតដល់ ថ្ងៃទី២៦ ខែធ្នូនេះ ក្នុងករណីដែលមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ផងដែរថា ៖ “ដោយផ្អែកទៅលើស្ថានភាពនៃរបបទឹកបឹងទន្លេសាប នាពេលបច្ចុប្បន្ន គន្លងដាយត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះ ឱ្យបានរួសរាន់ក្នុងរយៈពេល១សប្តាហ៍នេះ”៕

ប្រភព៖ ក្រសួងព័ត៌មាន