រដ្ឋាភិបាលអង់គ្លេស បានដាក់ចេញនូវការចាក់សោរនៅទីក្រុងឡុងដ៍ និងផ្នែកផ្សេងទៀតនៃភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសដោយសារជំងឺរាតត្បាត Covid-19 កំពុងតែរីករាលដាលនៅទីនោះ។ ដោយនេះគឺជាការចាក់សោរលើកទី៣ នៅក្នុងទីក្រុងឡុងដ៏ចាប់តាំងពីមានការរាតត្បាតនៃជំងឺ Covid-19 មក។ ច្បាប់ដ៏តឹងរឹង បានចូលជាធរមាននៅក្នុងតំបន់ទាំងនោះកាលពីថ្ងៃអាទិត្យ ដែលតម្រូវឲ្យ ប្រជាជនស្នាក់នៅផ្ទះលើកលែងតែពួកគេមានគោលបំណងជាក់លាក់ ឬមានការចាំបាច់សមហេតុផលណាមួយ ខណៈពេលដែលហាងលក់រាយដែលមិនចាំបាច់ត្រូវតែបិទទ្វារផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា ប្រជាជនមានការយល់ដឹងអំពីការរឹតត្បិតនេះ ដោយលោកបានបន្ថែមថា ការឆ្លងថ្មីនៃជំងឺរាតត្បាតនេះគឺមិនអាចគ្រប់គ្រងបានទេ។

គួរឱ្យដឹងផងដែរថា បណ្តាប្រទេសនៅអ៊ឺរ៉ុបផ្សេងទៀតក៏កំពុងឆ្លើយតបដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងថ្មីនេះដែរ។ ប្រទេសហូឡង់ ក៏បានចាប់ផ្តើមហាមឃាត់ការហោះហើរអ្នកដំណើរមកពីអង់គ្លេស ចំណែកបារាំង និងអាឡឺម៉ង់ក៏បានសម្រេចចិត្តប្រកាន់ជំហរប្រហាក់ប្រហែលគ្នានេះដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


