រដ្ឋបាលក្រុងបាងកក បានស្នើសុំកិច្ចសហប្រតិបត្តិការពីគ្រប់វិស័យ ដើម្បីចៀសវាងសកម្មភាពចូលឆ្នាំថ្មី។ ប្រសិនបើពួកគេចង់ឱ្យព្រឹត្តិការណ៍នេះត្រូវបានរៀបចំ ត្រូវតែស្នើសុំការអនុញ្ញាតិដោយការិយាល័យសុខភាពទីក្រុងបាងកកដោយមានផែនការគ្រប់គ្រងជំងឺឱ្យបានតឹងរឹងបំផុត។ អភិបាលទីក្រុងបាងកកប្រទេសថៃ លោក Asawin Kwanmuang បានកោះប្រជុំបន្ទាន់ជាមួយទីភ្នាក់ងារពាក់ព័ន្ធដូចជា៖ នាយកដ្ឋានត្រួតពិនិត្យជំងឺ ក្រសួងមហាផ្ទៃ និងនាយកមន្ទីរពេទ្យនៅទីក្រុងបាងកកដើម្បីវាយតម្លៃស្ថានភាព ខណៈពេលដែលហានិភ័យនៃជំងឺ Covid-19 បានឆ្លងរាលដាលបន្ទាប់ពីការផ្ទុះឡើងនៅខេត្ត Samut Sakhon និងតំបន់ក្បែរនោះ។
ទន្ទឹមនឹងនេះ គណៈកម្មាធិនៃគណៈកម្មាធិការឆ្លងជំងឺ បានសង្កត់ធ្ងន់ទៅលើទីតាំងធំៗចំនួនបីដើម្បីការពារការផ្ទុះឡើង ដោយទី១ កន្លែងប្រគុំតន្ត្រី ហាងស្រា បារ កន្លែងកម្សាន្ត និងគ្រឹះស្ថានស្រដៀងនឹងកន្លែងកម្សាន្តនឹងត្រូវមានវិធានការណ៍បង្ការយ៉ាងតឹងរ៉ឹងជាងមុន ដោយហាមការរាំរែក ឬការប្រមូលផ្តុំមនុស្ស និងត្រូវរក្សាគម្លាតចាប់ពី ១.៥ ម៉ែត្រពីគ្នា។

បន្ទាប់មក គឺកីឡដ្ឋានប្រដាល់ដែលមានការផ្ទុះឡើងនៃជំងឺ Covid-19 កាលពីប៉ុន្មានខែមុនត្រូវតែចាត់វិធានការណ៍យ៉ាងតឹងរឹង ដោយតម្រូវឱ្យអ្នកចូលរួមពាក់ម៉ាស និងអនុវត្តវិធានការណ៍បង្ការរួមទាំងការកំណត់ចំនួនអ្នកទស្សនា។ សម្រាប់នៅក្នុងផ្សារវិញ ត្រូវសង្កត់ធ្ងន់លើការពាក់របាំងមុខឱ្យបាន ១០០% ។

គួរឱ្យដឹងផងដែរថា ទោះជាមានវិធានការណ៍យ៉ាងតឹងរឹងទាំងនេះក្ដី ប្រជាជននៅតែអាចទស្សនាឧទ្យានសាធារណៈ និងប្រាសាទនានាបានដដែល ប៉ុន្តែត្រូវពាក់ម៉ាសឱ្យបានគ្រប់គ្នា៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


