រដ្ឋាភិបាលប្រទេសស្វីស បានបញ្ជាឱ្យភោជនីយដ្ឋាន កន្លែងកីឡា និងមណ្ឌលកំសាន្តទាំងអស់បិទទ្វារអស់រយៈពេលមួយខែ គិតចាប់ពីថ្ងៃអង្គារ ទី ២២ ខែធ្នូ ហើយបានជំរុញឱ្យប្រជាជននៅផ្ទះដើម្បីទប់ស្កាត់អត្រាឆ្លងជំងឺ Covid-19 ដែលជំរុញឱ្យមានការអំពាវនាវពីអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឱ្យមានវិធានការណ៍តឹងរឹង។ ករណីឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសស្វីស បានកើនឡើងលើស ៤០០,០០០ នាក់ហើយចំនួនអ្នកស្លាប់បានឡើងដល់ ៦,០០០ នាក់។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ប្រជាជនត្រូវបានជម្រុញឱ្យស្នាក់នៅក្នុងផ្ទះ ប្រជាជនគួរតែរក្សាទំនាក់ទំនងសង្គមរបស់ពួកគេឱ្យនៅកម្រិតអប្បបរមា ហើយចៀសវាងការធ្វើដំណើរ និងដំណើរកម្សាន្តដែលមិនចាំបាច់ ហើយរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍បន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ »។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នការជួបជុំគ្នាចាប់ពីជាង ១០ នាក់ឡើងទៅនឹងត្រូវបានហាមឃាត់នៅក្នុងប្រទេសស្វីស៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


