ការនាំចូលរថយន្ត និងម៉ូតូរបស់កម្ពុជាធ្លាក់ចុះ ៤០% ក្នុងឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
សេដ្ឋកិច្ច December 19, 2020 Khmernote

ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឲ្យមានតម្រូវការខ្សោយសម្រាប់ទំនិញប្រើប្រាស់បានយូរ ហើយក្នុងនោះការនាំចូលរថយន្ត និងម៉ូតូបានធ្លាក់ចុះ ៤០% ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Cambodia China Time ។ រថយន្តនិងម៉ូតូ គឺជាទំនិញនាំចូលដ៏សំខាន់នៅកម្ពុជា ដោយបើយោងតាមស្ថិតិនាំចូល និងនាំចេញចុងក្រោយ ក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ បរិមាណនៃការនាំចូលរថយន្ត និងម៉ូតូបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺ រថយន្តធ្លាក់ចុះ ៣៤.១% និងម៉ូតូ ៣៩.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ តាមស្ថិតិដដែល ការនាំចូលឧបករណ៍ប្រើប្រាស់ ដូចជា ទូរស័ព្ទចល័ត និងទូរទស្សន៍ ក៏បានធ្លាក់ចុះ ៤៥.៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយការនាំចូលស្បៀងអាហារក៏បានធ្លាក់ចុះ ១៦.៨% ផងដែរ ខណៈ ការនាំចូលប្រេងសាំង និងម៉ាស៊ូតកើនឡើងត្រឹមតែ ០.៣% និង ២.៧% ប៉ុណ្ណោះ។ យ៉ាងណាមិញ ធនាគារពិភពលោកបានបញ្ជាក់ថា នៅក្នុងឆ្នាំនេះមិនត្រឹមតែការនាំចូលនោះទេដែលបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែការនាំចេញក៏ធ្លាក់ចុះដូចគ្នា ដែលនឹងធ្វើឱ្យឱនភាពពាណិជ្ជកម្មកើនឡើងថែមទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ cc-times