អ៉ីតាលី សម្រេចចិត្តចាក់សោរប្រទេសអំឡុងពេលបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំសកល ខណៈហាង និងភោជនីយដ្ឋានជាច្រើននឹងត្រូវបិទទ្វារ
សេដ្ឋកិច្ច December 19, 2020 Chan Sreyny

អ៉ីតាលី នឹងចាក់សោរនៅទូទាំងប្រទេសក្នុងរយៈពេលពីរសប្តាហ៍នៅចន្លោះថ្ងៃទី ២៤ ខែធ្នូ ដល់ថ្ងៃទី ៦ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte ។ លោក Conte បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា ចលនានឹងត្រូវបានកំណត់ក្នុងអំឡុងពេលនៃការចាក់សោរ ហើយហាងលក់រាយ និងភោជនីយដ្ឋានភាគច្រើននឹងត្រូវបិទទ្វារ ប៉ុន្តែលោកបាននិយាយថា ការវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូននឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ។

ការធ្វើដំណើរទៅលេងផ្ទះរបស់ប្រជាជនក្នុងអំឡុងពេលចាក់សោរនេះ នឹងត្រូវបានកំណត់ត្រឹមតែមនុស្សពេញវ័យពីរនាក់ និងកុមារអាយុក្រោម 14 ឆ្នាំប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យរួមដំណើរជាមួយពួកគេ។ វិធានការណ៍នេះ នឹងត្រូវបន្ធូរបន្ថយចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែធ្នូ និងនៅថ្ងៃទី ៤ ខែមករា។

លោក Conte បាននិយាយថា លោកសង្ឃឹមថាប្រជាជននឹងយល់ពីមូលហេតុចំពោះវិធានការណ៍ដ៏តឹងតែងត្រូវបានដាក់នៅថ្ងៃបុណ្យណូអែល ដោយហៅវាថាជាការសម្រេចចិត្តដ៏ឈឺចាប់។ នៅដើមខែនេះ ប្រទេសអ៉ីតាលីបានចាប់ផ្តើមចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺ Covid-19 ក្នុងតំបន់មួយចំនួនដោយអះអាងថា ការឆ្លងបានស្ថិតក្រោមការគ្រប់គ្រងប្រទេសនេះបានបន្ធូរបន្ថយដែនកំណត់ពេលថ្ងៃលើចលនា និងការហាមឃាត់លើប្រតិបត្តិការហាងលក់រាយ និងគ្រឹះស្ថានផ្សេងទៀត។

ប៉ុន្តែករណីឆ្លងថ្មីជារៀងរាល់ថ្ងៃសរុបមានប្រហែល ១៨,០០០ ករណីដែលជំរុញឱ្យមានវិធានការណ៍ថ្មី។ គួរឱ្យដឹងផងដែរថា ឥលូវនេះអ៉ីតាលីបានវ៉ាដាច់ប្រទេសអង់គ្លេសជាប្រទេសនៅអឺរ៉ុបដែលមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ច្រើនបំផុតដោយចំនួនអ្នកស្លាប់មានដល់ទៅ ៧ ម៉ឺននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nhk