សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដែលសក្តិសមបំផុតសម្រាប់អ្នកទេសចរបែបផ្សងព្រេងរួមមាន ទាំងការកម្សាន្តបែបជិះទូក ជិះកង់ ជិះម៉ូតូ ដើរព្រៃ និងមើលទឹកធ្លាក់ ជាពិសេសការបោះតង់សម្រាកក្នុងព្រៃតែម្ដង។ លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា តំបន់អេកូទេសចរណ៍ជីផាតមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា ផ្នូរបុរាណមានអាយុកាលប្រមាណ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ មើលថ្ងៃរះ លេងទឹកជ្រោះដ៏ស្រស់ស្អាត ចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ ជិះទូកកាយ៉ាក់តាមដងព្រែក ល្អាងប្រចៀវ អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃ ហើយក៏ជាដែនជម្រកសត្វព្រៃ និងព្រៃទឹកភ្លៀងដ៏ធំមួយក្នុងតំបន់អាស៊ី-អាគ្នេយ៍ ។
លោកបន្តថា នៅទីនោះគឺមានសុវត្ថិភាពខ្លាំងណាស់ ដោយមានការយកចិត្តទុកដាក់ខ្លាំង ពីអាជ្ញាធរមានសមត្ថកិច្ច ចំណែកម្ហូបអាហារក្នុងសហគមន៍ ក៏មានចុងភៅសម្រាប់ចម្អិនជូន រីឯកន្លែងស្នាក់ ក៏បានរៀបចំជាផ្ទះស្នាក់ និងបឹងកាឡូយ៉ាងស្រស់ស្អាត ប្រកបដោយគុណភាពខ្ពស់សម្រាប់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ត។ ប្រសិនបើភ្ញៀវទេសចរចង់បានតង់សម្រាកនៅក្នុងព្រៃ សហគមន៍ក៏មានចែកជូនព្រមទាំងមានអ្នក
មគ្គុទ្ទេសក៍ទេសចរណ៍ជួយណែនាំថែមទៀតដែរ ។

ជីផាត គឺជាតំបន់អេកូទេសចរណ៍មួយ ដែលគោលដៅគឺជាកន្លែងទេសចរណ៍បែបផ្សងព្រេង មានព្រៃភ្នំ មានទឹកជ្រោះនៅក្នុងព្រៃដែលគេអាចហៅបានថាជាលក្ខណៈ Adventure trip ត្រូវសម្រាកក្នុងព្រៃត្រូវស្នាក់
នៅក្នុងព្រៃ ត្រូវដើរកម្សាន្តក្នុងព្រៃ មានមើលសត្វ មានជិះទូកតាមដងព្រែកជាដើម

លោកអនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់បន្ថែមទៀតថា សហគមន៍អេកូទេសចរណ៍ជីផាត គឺស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញប៉ែកនិរតីនៃប្រទេសកម្ពុជា បច្ចុប្បន្នបានក្លាយជារមណីយដ្ឋានធម្មជាតិចម្រុះអាចទស្សនាបានសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង ។

សូមបញ្ជាក់ថា «ជីផាត» ជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ប្រណីតមួយ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានទាក់ទាញភ្ញៀវទេសចររាប់រយនាក់ក្នុងមួយថ្ងៃៗ ឱ្យទៅកម្សាន្តនៅទីនោះ ហើយភ្ញៀវទេសចរ មានបំណងទៅលេងកម្សាន្តនៅទីនោះ អាចចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកបទុមសាគរ កាត់តាមផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង១៧គីឡូម៉ែត្រ ៕
ប្រភព៖ ក្រសួងព័ត៌មាន


