ធនាគារវិនិយោគអឺរ៉ុប (EIB) ដែលជាធនាគារនៃសហភាពអឺរ៉ុប នឹងវិនិយោគទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ (ប្រហែល ៩៧ លានដុល្លារអាមេរិក) នៅក្នុងគម្រោងកែលំអកសិកម្មស្រោចស្រព (IAIP) ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹក និងបណ្តាញធារាសាស្រ្តនៅតាមខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ IAIP នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្រ បង្កើនភាពធន់នៃកសិកម្មកម្ពុជាទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេលវែងគម្រោងនេះ នឹងចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ បង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម ហើយនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅជនបទនៅកម្ពុជា។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយឱ្យប្រទេសកម្ពុជាបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ ដែលមានសារៈសំខាន់ក្នុងរយៈពេលយូរសម្រាប់សមត្ថភាពរបស់ប្រទេស ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើការផ្គត់ផ្គង់ទឹក និងកសិកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ប្រទេសកម្ពុជាសូមស្វាគមន៍ចំពោះការវិនិយោគ EIB នៅក្នុង IAIP ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅ និងផលិតកម្មកសិកម្មនៅក្នុងប្រទេស។

គួរឱ្យដឹងផងដែរថា កសិករប្រមាណ ២០០,០០០ នាក់នៅទូទាំងខេត្តចំនួន ៥ នៃប្រទេសកម្ពុជា និងដីកសិកម្មចំនួន ៥១,០០០ ហិកតាត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


