ច្រកព្រំដែនមួយចំនួនរវាងកម្ពុជា-ថៃ អាចនឹងត្រូវបើកឡើងវិញ ខណៈរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បាននិងកំពុងពិភាក្សាគ្នា ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់។ យោងតាមតាមការឱ្យដឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កិច្ចប្រជុំនៅច្រកទ្វារព្រំដែន ខៅឌិន~ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងសងខាងបានពិភាក្សាការងារពិគ្រោះយោបល់ ទៅលើចំណុចចំនួន ៣ រួមមាន៖
ទី១. ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម
ទី២. ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
ទី៣. បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់~បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងឡឹក។

យ៉ាងណាមិញ តាមរយៈអភិបាលខេត្តបន្ទាយមានជ័យ លទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនោះទេ ដោយស្ថិតក្នុងការពិភាក្សា រង់ចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយទៀត៕


អត្ថបទ៖ លីនី


