រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៣ នៅខេត្តកោះកុង កំពង់ឆ្នាំង និងខេត្តមណ្ឌលគីរីរបស់ប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AKP ដែលទទួលបាននៅព្រឹកនេះបានឲ្យដឹងថា កិច្ចសន្យាផ្តល់ជំនួយនេះនឹងត្រូវចុះហត្ថលេខានៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែធ្នូ។
ក្នុងចំណោមទឹកប្រាក់សរុបចំនួន ១៩៦,៣៥០ ដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ “ គម្រោងកែលម្អផ្លូវនៅឃុំអណ្តូងទឹកស្រុកបុទុមសាគរខេត្តកោះកុង ” ទឹកប្រាក់ចំនួន ៩០,១៥៨ ដុល្លារសម្រាប់ “ គម្រោងស្តារប្រព័ន្ធធារាសាស្ត្ររូងដំរីក្នុងខេត្តកំពង់ឆ្នាំង ” និងថវិកាដែលនៅសល់ ១០៥,៨៦៣ ដុល្លារសម្រាប់ “ គម្រោងពង្រឹងសហករណ៍កសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ”។

ជំនួយហិរញ្ញវត្ថុ នឹងត្រូវផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង, មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង, និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរីតាមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនជំនួយឥតសំណងសម្រាប់មូលដ្ឋានគម្រោងសន្ដិសុខមនុស្ស (“KUSANONE” Grant)៕
ប្រភព៖ ក្រសួងព័ត៌មាន


