ចិន សម្រេចផ្ដល់វ៉ាក់សាំងសម្រាប់សត្វគោក្របីចំនួន ២០ ម៉ឺនដូសដើម្បីប្រើប្រាស់ជាបន្ទាន់ដល់កម្ពុជា
សេដ្ឋកិច្ច December 17, 2020 Chan Sreyny

យោងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងកិច្ចការជនបទនៃប្រទេសចិន (MARA) បានសម្រេចផ្តល់វ៉ាក់សាំងគោចំនួន ២០០,០០០ ដូសសំរាប់ប្រើប្រាស់ជាបន្ទាន់ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្ដម វេង សាខុន បានស្នើសុំឱ្យ MARA ជួយការពារ និងទប់ស្កាត់ជំងឺគោក្របី។ ជាមួយនឹងការស្នើសុំនេះ ឯកឧត្ដម Tang Renjian រដ្ឋមន្រ្តីក្រសួង MARA បានសម្រេចផ្តល់វ៉ាក់សាំងការពារចំនួនសត្វគោទាំងនេះ។

ឯកឧត្ដម Tang Renjian បានឆ្លើយតបថា « ដើម្បីពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងចិន និងសម្រួលដល់កិច្ចសហប្រតិបត្តិការកសិកម្មដែលផ្តោតលើលទ្ធផលក្រសួងកសិកម្មជនបទនៃប្រទេសចិន (MARA) បានពិចារណាយ៉ាងហ្មត់ចត់នូវសំណូមពរដែលបានដាក់នៅក្នុងលិខិតរបស់ឯកឧត្តម រួមទាំងការផ្តល់វ៉ាក់សាំងការពារសត្វគោ តាមរយៈការសម្របសម្រួលរបស់ MARA អ្នកផលិតវ៉ាក់សាំងឈានមុខគេពីររបស់ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងសរុបចំនួន ២០០,០០០ ដូសសំរាប់ប្រើប្រាស់ជាបន្ទាន់ដែលនឹងត្រូវបញ្ជូនទៅក្រសួងកសិកម្មកម្ពុជានាពេលឆាប់ៗនេះ ដោយមានជំនួយពីស្ថានទូតរបស់យើង »។

គួរឱ្យដឹងផងដែរថា កាលខែកុម្ភៈ ឆ្នាំនេះសម្តេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅប្រទេសចិននិងបានសំដែងការគាំទ្រដល់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ កាលពីដើមខែវិច្ឆិកា ប្រធានាធិបតី ស៊ី ជីនពីង បានធ្វើពិធីប្រគល់រង្វាន់មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិនជូនព្រះករុណាព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ៕

ប្រភព៖ ក្រសួងព័ត៌មាន