អត្រាគ្មានការងារនៅអង់គ្លេស កើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៣ ខែ
សេដ្ឋកិច្ច December 16, 2020 Chan Sreyny

ការកាត់បន្ថយការងារនៅអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៣ ខែគិតមកដល់ខែតុលា។ អត្រាអ្នកអត់ការងារធ្វើនៅអង់គ្លេស បានកើនឡើង ២៤១,០០០ នាក់ក្នុងរយៈពេល ៣ ខែគិតមកដល់ខែតុលា ដែលធ្វើឱ្យកើនឡើងដល់ ៤.៩% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៦ មក។ ចំនួននេះកើនឡើងប្រហាក់ប្រហែលនឹងអត្រាបាត់បង់ការងារ ២៤៣,០០០ នាក់នៅក្នុងត្រីមាសទី៣ ដែលជាការកើនឡើងចុងក្រោយ ដែលត្រូវបានគេមើលឃើញកាលពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩ ។

ទោះយ៉ាងណា អត្រាគ្មានការងារធ្វើក្នុងរយៈពេល ៣ ខែចុងក្រោយនេះ គឺទាបជាងការព្យាករណ៍របស់សេដ្ឋវិទូសម្រាប់ខែតុលា ដែលបានព្យាករណ៍ថានឹងកើនឡើងខ្ពស់ជាង ៥% ។ រដ្ឋាភិបាលរំពឹងថា អត្រានេះនឹងកើនឡើងដល់ ៧.៥% ឬប្រមាណជា ២.៦ លាននាក់ហើយការចាកចេញដោយគ្មានកិច្ចព្រមព្រៀងណាមួយពីទីផ្សារតែមួយរបស់សហភាពអ៊ឺរ៉ុប នឹងធ្វើឱ្យវាកាន់តែពិបាកសម្រាប់សេដ្ឋកិច្ចធ្លាក់ចុះ។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីការលេចចេញវ៉ាក់សាំងការពារជំងឺ Covid-19 មកបានបង្កើនក្តីសង្ឃឹមថា សេដ្ឋកិច្ចរបស់អង់គ្លេសអាចចាប់ផ្តើមវិលមករកភាពប្រក្រតីវិញនៅឆ្នាំ ២០២១ ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand