តំបន់ការពារធម្មជាតិមួយកន្លែងស្ថិតក្នុងខេត្តរតនគិរី ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិមកបោះតង់នៅថ្ងៃចូលឆ្នាំសកល
ទេសចរណ៍ December 15, 2020 Chan Sreyny

សហគមន៍តំបន់ការពារធម្មជាតិវាលកំបោរខេត្តរតនគិរី ត្រៀមខ្លួនទទួលភ្ញៀវទេសចរមកបោះតង់នៅថ្ងៃចូលឆ្នាំសកល និងថ្ងៃឈប់សម្រាកផ្សេងៗដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារអភិរក្សធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ លោក វណ្ណា វណ្ណៈ បុគ្គលិកសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរខេត្តរតនគិរីបានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិ បានត្រៀមលក្ខណៈជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុននេះ ដោយសហគមន៍មានការរៀបចំសេវាកម្មទេសចរណ៍ដូចជា៖ ម្ហូបអាហារ សេវាកម្មបោះតង់ និងការនាំភ្ញៀវដើរមើលសត្វ និងជីវចម្រុះជាច្រើននៅក្នុងតំបន់ការពារជាដើម។

លោកបានបន្តថា សហគមន៍តំបន់ការពារធម្មជាតិវាលកំបោរបច្ចុប្បន្នទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិ។ មួយវិញទៀត តំបន់ការពារធម្មជាតិវាលកំបោរគឺហ៊ុមព័ទ្ធទៅដោយព្រៃឈើតូចធំ ធម្មជាតិពណ៏បៃតង និងជួរភ្នំជាច្រើនពិសេសសម្បូរទៅដោយសត្វព្រៃជីវចម្រុះជាច្រើនប្រភេទ ដែលជាភាពទាក់ទាញបែបធម្មជាតិធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍មកលេងកម្សាន្តជាបន្តបន្ទាប់។

លោក វណ្ណា វណ្ណៈ សង្ឃឹមថា ប្រជាជនក្នុងមូលដ្ឋានគាត់នឹងចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ ហើយអ្វីដែលសំខាន់គឺ គាត់ផ្ដល់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពគឺដើម្បីកូនចៅជំនាន់ក្រោយ ក៏ដូចជាប្រជាជនរបស់យើងតទៅមុខទៀតប្រើប្រាស់ព្រៃធម្មជាតិយូរអង្វែង ហើយសង្ឃឹមថានឹងមានប្រជាជន និងមានភ្ញៀវមកកាន់តំបន់អេកូទេសចរណ៍វាលកំបោរកាន់តែច្រើន ហើយនឹងជួយទៅដល់ការលើកស្ទួយវិស័យទេសចរណ៍ធម្មជាតិ ក៏ដូចជាជីវភាពសហគមន៍មូលដ្ឋាន។

អ្វីដែលសំខាន់សម្រាប់យើងគឺយើងមានពាក្យស្លោកមួយថា ភ្ញៀវដែលមកទស្សនាក៏ដូចជាមកប្រើប្រាស់សេវាកម្មអេកូទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិវាលកំបោរ ក៏ដូចជាដែនជម្រកសត្វព្រៃលំផាត់អ្វីដែលគាត់ចំណាយ អ្វីដែលគាត់លះបង់ទៅនោះ គឺជាផ្នែកមួយនៃការចូលរួមការពារធនធានធម្មជាតិដោយប្រយោល។

លោកបានបន្ថែមថា ភ្ញៀវទេសចរដែលមកស្នាក់នៅ និងបោះតង់នៅតំបន់ការពារធម្មជាតិវាលកំបោរនេះក្នុងភ្ញៀវទេសចរម្នាក់ស្នាក់បោះតង់នៅមួយយប់បូកនឹងការទទួលទានអាហារបីពេតម្លៃតែ ១៨ ដុល្លារប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការដែលភ្ញៀវទេសចរទៅលេងកម្សាន្តនៅតំបន់ការពារធម្មជាតិនេះ វាមិនត្រឹមតែជួយលើកស្ទួយវិស័យទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តរតនគិរីមានរមណីយដ្ឋានទេសចរណ៍សរុប ១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិចំនួន ១២កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ០២កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិចំនួន ០៨កន្លែង គ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច៕

ប្រភព៖ ក្រសួងព័ត៌មាន