យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ១លានដូសដំបូងរួចមកហើយសម្រាប់មនុស្ស ៥០ម៉ឺននាក់ ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩ តាមរយៈមជ្ឈមណ្ឌល COVAX ដែលជាផ្នែកមួយនៃការគាំទ្រនៃដំណើរការរបស់អង្គការសុខភាពពិភពលោកដែលមានការគាំទ្រដោយអង្គការសហប្រជាជាតិ។ ព័ត៌មាននេះត្រូវបានចែករំលែកដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្សាយផ្ទាល់ពិសេសជូន ចំពោះជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំង កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងទិញតែវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) តែប៉ុណ្ណោះ ដោយបន្ថែមថា រហូតមកដល់ពេលនេះអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់វ៉ាក់សាំងណាមួយនៅឡើយទេ។ ជាមួយគ្នានេះដែរ យោងតាមប្រសាសន៍របស់សម្ដេច ប្រទេសកម្ពុជាត្រូវការវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ២៦លានដូស ដើម្បីចាក់ជូនប្រជាជនប្រមាណ ១៣ លាននាក់នៃចំនួនប្រជាជនសរុប ១៦ លាននាក់ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកនេះចំនួនករណីសរុបដែលបានបញ្ជាក់នៅកម្ពុជាបានកើនឡើងដល់ ៣៦២ករណី ក្នុងនោះមានករណីសហគមន៍ឆ្លងក្នុងស្រុកចំនួន ៤១ ករណី។ ហើយក្នុងចំណោមនោះមាន ៣១២ នាក់បានជាសះស្បើយដោយជោគជ័យហើយមិនមានករណីគ្រោះថ្នាក់ដល់ជីវិតនោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន


