ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់អ្នកប៉ះពាល់ជីវភាពដោយសារកូវីដ-១៩ ចំនួន ៣ខែ បន្ថែមទៀត
សេដ្ឋកិច្ច December 15, 2020 Khmernote

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រឹកនេះ សម្តេចតេជា ហ៊ុន​សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការផ្សាយផ្ទាល់ពិសេសជូន ចំពោះជនរួមជាតិពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំង។ នាឱកាសនោះផងដែរ សម្ដេចតេជោ បានប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់អ្នកប៉ះពាល់ជីវភាពដោយសារជំងឺកូវីដ-១៩ នៅជុំទី៤បន្តទៀត គឺសម្រាប់ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២១។ សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដោយសារស្ថានភាពមិនទាន់ធូរស្បើយនៅឡើយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានសំរេចចិត្តប្រកាសគម្រោងឧបត្ថម្ភសាច់ប្រាក់ជាលើកទី៤ ក្នុងរយៈពេល ៣ ខែទៀត គឺចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១” ។

ជាមួយគ្នានេះដែរសម្ដេចបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់បាយ ដោយគ្មានចំណេះដឹង និងជំនួយពីរដ្ឋាភិបាលឡើយ។ បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា បន្ទាប់ពីជុំទី ៤ ឬ បន្ទាប់ពីខែមីនាឆ្នាំ២០២១ ប្រសិនបើស្ថានភាពមិនធូរស្បើយទេ ជំនួយនឹងបន្ត ខណៈដែលរដ្ឋាភិបាលបានត្រៀមទុកថវិកាចំនួន ២០០ លានដុល្លារសម្រាប់កម្មវិធីនេះ។ ផ្ទុយទៅវិញប្រសិនបើស្ថានភាពល្អប្រសើរការគាំទ្រផ្នែកហិរញ្ញវត្ថុនឹងមិនត្រូវបានកាត់បន្ថយភ្លាមៗនោះទេប៉ុន្តែបន្ថយបន្តិចម្តងៗ រហូតដល់ឈប់ទាំងស្រុង៕

អត្ថបទ៖ លីនី