ត្រេកអរជំនួស! សិង្ហបុរី ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលបានអនុម័តការចាក់វ៉ាក់សាំង COVID-19 របស់ Pfizer-BioNTech
សេដ្ឋកិច្ច December 15, 2020 Khmernote

ប្រទេសសិង្ហបុរីបានក្លាយជាប្រទេសអាស៊ីដំបូងគេ ក្នុងការ​អនុម័តវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហើយបាននិយាយថា ខ្លួនរំពឹងថានឹងចាប់ផ្ដើមទទួលបានវ៉ាក់សាំងបង្ការនៅចុងឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា លោកនឹងស្ថិតក្នុងចំណោមអ្នកទទួលបានវ៉ាក់សាំងដំបូងនៅក្នុងរដ្ឋដែលមានប្រជាជនចំនួន ៥.៧ លាននាក់ ហើយដែលមានអត្រាស្លាប់ទាបបំផុតមួយនៅទូទាំងពិភពលោកដោយសារវីរុសនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលសិង្ហបុរីរំពឹងថានឹងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនគ្រប់គ្នានៅត្រីមាសទី ៣ ឆ្នាំក្រោយនេះ។

លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានឲ្យដឹងបន្ថែមថា វ៉ាក់សាំងដែលសិង្ហបុរីទទួលបាន នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ស្ម័គ្រចិត្ត និងផ្តល់ដល់បុគ្គលិកសុខាភិបាល និងមនុស្សចាស់ជាមុនសិន។ ទន្ទឹមនឹងនេះក្រុមអាជ្ញាធរបាននិយាយថាប្រទេសសិង្ហបុរីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញកម្រិតខ្ពស់ និងធ្វើការទូទាត់មុនលើបេក្ខជនដែលចាក់វ៉ាក់សាំងដែលរាប់បញ្ចូលទាំងវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយ Moderna និង Sinovac ដោយបានចំណាយប្រាក់ចំនួនជាង ១ ពាន់លានដុល្លារសម្រាប់វ៉ាក់សាំង។

ដោយឡែកមន្ត្រីសុខាភិបាលកំពូលលោក Kenneth Mak បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសសិង្ហបុរីបានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់ ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ស្តីពីកិច្ចព្រមព្រៀងដែលបានធ្វើជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនេះទេ។ សូមបញ្ជាក់ផងដែរថា សេចក្តីប្រកាសរបស់សិង្ហបុរីបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ហើយក្រៅពីសហរដ្ឋអាមេរិក ក៏មានកាណាដា និងប្រទេសមួយចំនួនតូចបានអនុម័តលើវ៉ាក់សាំង Pfizer Inc និង BioNTech ដោយមានកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំមួយកំពុងដំណើរការនៅចក្រភពអង់គ្លេស៕

អត្ថបទ៖ លីនី
ប្រភព៖ japantimes