សិង្ហបុរីរំពឹងថា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនដោយឥតគិតថ្លៃនៅចុងខែធ្នូ
សេដ្ឋកិច្ច December 15, 2020 Chan Sreyny

ប្រទេសសិង្ហបុរី បានអនុម័តទិញវ៉ាក់សាំងការពារជំងឺ Covid-19 របស់ Pfizer-BioNTech ដើម្បីប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ហើយរំពឹងថានឹងផ្តល់ការចាក់វ៉ាក់សាំងជាលើកដំបូងនៅចុងខែធ្នូ នេះបើយោងតាមនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong ។ លោក Lee បាននិយាយថា ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងចំនួន ៥.៧ លាននាក់រំពឹងថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅត្រីមាសទី៣ នៃឆ្នាំ ២០២១ ហើយនឹងផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ប្រជាជនសិង្ហបុរី និងអ្នកស្នាក់នៅរយៈពេលវែង។

លោក Lee បានបន្ថែមថា លោក និងមន្ត្រីរដ្ឋាភិបាលដទៃទៀតនឹងស្ថិតក្នុងចំណោមអ្នកចាក់ដំបូងគេ បន្ទាប់ពីបុគ្គលិកសុខាភិបាល បុគ្គលិកជួរមុខ មនុស្សចាស់ និងជនងាយរងគ្រោះ។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រទេសសិង្ហបុរីនឹងឈានដល់ដំណាក់កាលទី៣ និងចុងក្រោយនៃយុទ្ធសាស្រ្តឆ្លើយតបនឹងជំងឺ Covid-19 ជាតិរបស់ខ្លួននៅថ្ងៃទី ២៨ ខែធ្នូដោយបន្ធូរបន្ថយការរឹតបន្តឹងនៅក្នុងទីក្រុង។

គួរឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរីនឹងបង្កើនទំហំអតិបរមានៃការប្រមូលផ្តុំនៅខាងក្រៅផ្ទះពី ៥ នាក់ទៅ ៨ នាក់ ហើយនឹងបន្ធូរបន្ថយការរឹតត្បិតនៅក្នុងកន្លែងសាធារណៈដូចជា៖ ផ្សារទំនើប កន្លែងទាក់ទាញ និងនៅកន្លែងគោរពបូជា៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost