រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិកសម្រាប់ការលើកកម្ពស់ប្រព័ន្ធថែទាំកុមារនៅខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នានៅខេត្តកណ្តាល។ ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា ជំនួយហិរញ្ញប្បទានត្រូវបានធ្វើឡើងក្រោមក្របខ័ណ្ឌជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ទឹកប្រាក់សរុបប្រមាណ ៦៩៤,៥៣៩ ដុល្លារអាមេរិកនឹងត្រូវផ្តល់ឱ្យមូលនិធិសម្រាប់ការអភិវឌ្ឍ / ជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោង “ ការលើកកម្ពស់ប្រព័ន្ធវេជ្ជសាស្ត្រដើម្បីអនុវត្តការវះកាត់កុមារនៅខេត្តក្រចេះ (ឆ្នាំទី ២) ”។
នៅក្នុងគម្រោងនេះ FIDR មានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់កុមារនៅខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តក្នុងភូមិត។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មរបស់ពួកគេ និងបង្កើតកន្លែងព្យាបាលដែលមានសុវត្ថិភាព អង្គការក៏នឹងសាងសង់អគារវះកាត់សម្រាប់អ្នកជំងឺផងដែរ ជាពិសេសអ្នកជម្ងឺកុមាររួមទាំងទារកដែលទើបនឹងកើត។

ថវិកាដែលនៅសល់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងលើកកម្ពស់ការអប់រំបញ្ចូលសម្រាប់កុមារពិការ ដោយលើកកម្ពស់ការអនុវត្តនៅតំបន់គំរូ និងការបង្កើតប្រព័ន្ធវាយតម្លៃ IE (ឆ្នាំទី ២) ដែលត្រូវអនុវត្តដោយសមាគមជំនួយ និងសង្គ្រោះជប៉ុន (AAR Japan)។

នៅក្នុងគម្រោងនេះ AAR Japan នឹងបង្កើតឧបករណ៍វាយតម្លៃនៃការអនុវត្តការអប់រំបញ្ចូលគ្នា និងអនុវត្តសកម្មភាពដើម្បីគាំទ្រដល់ការកសាងសមត្ថភាពរបស់ “ គណៈកម្មាធិការឃុំសម្រាប់ជនពិការ ” ។ តាមរយៈគម្រោងនេះ បរិយាកាសសិក្សា និងគុណភាពនៃការអប់រំសម្រាប់កុមារពិការនៅទូទាំងប្រទេសកម្ពុជានឹងត្រូវបានកែលម្អ។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ ២០០២ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤១ លានដុល្លារអាមេរិកសម្រាប់គម្រោងចំនួន ១៣០ ដែលភាគច្រើនផ្តោតលើវិស័យអប់រំបឋមសុខាភិបាលកសិកម្ម និងបោសសំអាតមីននៅកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន


