នាយករដ្ឋមន្រ្តីជប៉ុន បង្ខំចិត្តផ្អាកយុទ្ធនាការធ្វើដំណើរនៅទូទាំងប្រទេស ដែលទើបបង្កើតឡើងដើម្បីគាំទ្រដល់វិស័យទេសចរណ៍ក្នុងស្រុក និងសេដ្ឋកិច្ចភ្លាមៗ
ទេសចរណ៍ December 15, 2020 Khmernote

លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានប្រកាសថា រដ្ឋាភិបាលនឹងផ្អាកយុទ្ធនាការ «ទៅធ្វើដំណើរ» ជាបណ្តោះអាសន្ននៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១១ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងក្នុងកំឡុងពេលឈប់សម្រាកចុងឆ្នាំ និងចូលឆ្នាំថ្មី។ យោងតាមការចេញ​ផ្សាយរបស់សារព័ត៌មាន NHK​ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មី បានធ្វើសេចក្ដីប្រកាសព័ត៌មាននេះនៅឯកិច្ចប្រជុំក្រុមការងាររបស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃចន្ទ ដោយកិច្ចប្រជុំនេះ បានរៀបចំឡើងជាការឆ្លើយតបទៅនឹងការណែនាំរបស់ក្រុមប្រឹក្សាពិគ្រោះជំងឺឆ្លងវីរុសដល់អាជ្ញាធរឱ្យបន្តវិធានការដើម្បីដកតំបន់ជាក់លាក់ចេញពីយុទ្ធនាការទេសចរណ៍។

លោក Suga បានចង្អុលបង្ហាញថា ចំនួននៃការឆ្លងនៅតែបន្តកើនឡើងនៅទូទាំងប្រទេស ដោយសន្ទស្សន៍ផ្សេងៗបានបង្ហាញថាតំបន់ជាច្រើនទៀតកំពុងកើនឡើងនូវករណីឆ្លងថ្មី។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា អ្នកដែលកំពុងដោះស្រាយការផ្ទុះឡើងនៅជួរមុខដូចជា បុគ្គលិកពេទ្យកំពុងមានបន្ទុកកាន់តែច្រើន។

លើសពីនេះលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងចាត់វិធានការជាអតិបរមាដើម្បីធានានូវការចាប់ផ្តើមល្អនៅឆ្នាំថ្មី ដោយការពារការរីករាលដាលនៃមេរោគ និងកាត់បន្ថយបន្ទុកលើស្ថាប័នវេជ្ជសាស្ត្រ។ យ៉ាងណាមិញក្រៅពីការផ្អាកយុទ្ធនាការ «ទៅធ្វើដំណើរ»
លោកនាយរដ្ឋមន្រ្តីក៏បានបង្ហាញពីផែនការបញ្ឈប់ការឧបត្ថម្ភធនសម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ និងណាហ្គោយ៉ារហូតដល់ថ្ងៃទី ២៧ ខែធ្នូ និងដើម្បីអំពាវនាវដល់អ្នករស់នៅក្នុងទីក្រុងទាំងនោះកុំអោយធ្វើដំណើរ ខណៈអូសាកា និងសាប៉ូរ៉ូត្រូវបានគេដកចេញពីកម្មវិធីនោះរួចហើយ ដោយសារការកើនឡើងនៃការឆ្លងនៅទីនោះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk