សហគ្រាសគ្រប់គ្រងដោយរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី (BUMN) កំពុងកំណត់គោលដៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជនចំនួន ៧៥ លាននាក់ ក្នុងរយៈពេល ៨ ទៅ ៩ខែបន្ទាប់ ប៉ុន្តែមិនមែនជាការផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃនោះទេ នេះបើយោងតាមការឲ្យដឹងពីលោក Erick Thohir រដ្ឋមន្ត្រីនៃ (BUMN) និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការការដោះស្រាយវីរុស Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ (KPCPEN)។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនឹងក្លាយជាក្រុមទីមួយដែលត្រូវបានទទួលការចាក់វ៉ាក់សាំង ខណៈប្រជាជនប្រហែល ៣២ លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។
បន្ថែមពីនេះ ក្រសួងក៏នឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យឯកជន និងគ្លីនិក ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមានបំណងចំណាយលើការចាក់វ៉ាក់សាំងផងដែរ។ រដ្ឋមន្រ្តី BUMN បានបង្ហើបថា ឥណ្ឌូណេស៊ីនឹងរង់ចាំវ៉ាក់សាំងចំនួន ១.៨ លានដូសទៀតក្នុងដំណាក់កាលបន្ទាប់ នៃការបញ្ជូនវ៉ាក់សាំងនៅខែមករាឆ្នាំ២០២១ និងវត្ថុធាតុដើមចំនួន ១៥ លានបន្ថែមទៀតដែលត្រូវបានប្រើប្រាស់ដើម្បីផលិតវ៉ាក់សាំងដោយ Bio Farma ផងដែរក្នុងពេលជាមួយគ្នានោះ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានចំណាយថវិកាជិត ៤៥ លានដុល្លារលើការទិញវ៉ាក់សាំងពីប្រទេសចិនក្នុងឆ្នាំនេះ ដោយក្នុងដំណាក់កាលដំបូងវ៉ាក់សាំងចំនួន ១.២ លានដូសបានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ ដែលនឹងត្រូវប្រើប្រាស់នៅដើមឆ្នាំ ២០២១។ ខណៈដំណាក់កាលបន្ទាប់នឹងមាន ១.៨ លានដូសត្រូវបានចែកចាយនៅខែមករាឆ្នាំ ២០២១៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


