ក្រុមសេដ្ឋវិទូព្រមានថា ប្រទេសថៃនឹងខាតបង់ជាង ៥០០លានដុល្លារ ពីទេសចរណ៍ក្នុងស្រុក ប្រសិនបើទប់មិនជាប់ការផ្ទុះឡើងនៃវីរុស Covid-19 រលកទី២
ទេសចរណ៍ December 14, 2020 Khmernote

សេដ្ឋវិទូម្នាក់បាននិយាយថារលកទី២ នៃការផ្ទុះឡើងវីរុស Covid-19 នឹងធ្វើឱ្យទេសចរណ៍ក្នុងស្រុកខាតបង់ប្រហែល ១៦ ពាន់លានបាត ( ប្រមាណ ៥៣១ លានដុល្លារអាមេរិក) ក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។ លោក Anusorn Tamajai អតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit បានប៉ាន់ប្រមាណថា រលកទី២ នៃការឆ្លងជំងឺ Covid-19 នឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ក្នុងស្រុកខាតបង់ពី ១៤.១ ដល់ ១៦.៩ ពាន់លានបាត ដែលជាការខាតបង់ប្រាក់ចំណូលក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលខាងមុខនេះ។

សេដ្ឋវិទូរូបនេះបានធ្វើការវិភាគចំពេលមានការកើនឡើងនៃករណីឆ្លងក្នុងតំបន់ បន្ទាប់ពីអ្នកជម្ងឺឆ្លងខ្លះចូលក្នុងប្រទេសថៃដោយខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ា។ ស្របពេលដែលសហរដ្ឋអាមេរិកមានករណីច្រើនជាងគេដែលមានចំនួនជាង ១៦.៥ លាននាក់បន្ទាប់មក គឺប្រទេសឥណ្ឌាដែលមានចំនួនជិត ១០ លាននាក់ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោមប្រទេសដែលមានចំនួនជាង ៤,០០០ ករណី។ ជាមួយគ្នានេះដែរ លោក Anusorn បានលើកឡើងពីការព្រួយបារម្ភ អំពីការកើនឡើងនៃករណីថ្មីដែលត្រូវបានគេរំពឹងថា នឹងបង្អាក់ប្រជាជនជាច្រើនពីការធ្វើដំណើរ និងការចំណាយក្នុងរដូវឈប់សម្រាកចុងឆ្នាំនេះ។

គួរឲ្យដឹងផងដែរថា ប្រាក់ចំណូលពីអ្នកទេសចរថៃក្នុងឱកាសបុណ្យឆ្លងឆ្នាំកាលពីឆ្នាំទៅមានចំនួន ២៨ ពាន់លានបាត ហើយតាមការស្រាវជ្រាវជាច្រើនបានប៉ាន់ប្រមាណថា អតិថិជនថៃនឹងកាត់បន្ថយការចំណាយរបស់ពួកគេយ៉ាងខ្លាំង ខណៈអ្នកដែលរស់នៅក្នុងទីក្រុងបាងកកត្រូវបានគេរំពឹងថា នឹងចំណាយប្រហែល ៣០ ពាន់លានបាត ប៉ុន្តែវាទាបជាងការចំណាយជាមធ្យមក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ទោះយ៉ាងណាលោក Anusorn បានបន្ថែមថា ប្រសិនបើប្រទេសថៃមិនអាចទប់ទល់នឹងរលកទីពីរបាន​ នោះសេដ្ឋកិច្ចថៃនៅឆ្នាំក្រោយអាចនឹងកើនឡើងតិចជាង ៤ភាគរយ ខណៈដែលករណីថ្មីនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មរបស់ថៃនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការនាំចេញរបស់ថៃរហូតដល់ត្រីមាសទី១ ឆ្នាំក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand