មន្ទីរពេទ្យនៅជប៉ុនកំពុងប្រឈមនឹងកង្វះខាតស្រោមដៃពេទ្យ ក្នុងពេលដំណាលគ្នាដែលវីរុសកំពុងរីករាលដាលកាន់តែខ្លាំង
សេដ្ឋកិច្ច December 12, 2020 Khmernote

បុគ្គលិកពេទ្យជួរមុខនៅក្នុងប្រទេសជប៉ុនមានការព្រួយបារម្ភថា ពួកគេបានបាត់បង់ឧបករណ៍ការពារចាំបាច់ ខណៈពួកគេកំពុងប្រឈមនឹងកង្វះខាតស្រោមដៃកៅស៊ូវេជ្ជសាស្ត្រ (ស្រោមដៃពេទ្យ) ក្នុងពេលដំណាលគ្នានឹងការឆ្លងរីករាលដានៃវីរុស Covid-19 កាន់តែច្រើនឡើងៗលើសឈានដល់កម្រិតគួរឲ្យកកត់ត្រា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា​គ្លីនិកវេជ្ជសាស្រ្តមួយនៅក្នុងទីក្រុង Funabashi ទទួលបានស្រោមដៃជិត ៥០០ គូក្នុងមួយសប្តាហ៍ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំនេះ។

នាយករងគ្លីនិកគឺលោក Doi Yoshiyasu មានប្រសាសន៍ថា៖ « វាមានការលំបាកក្នុងការរកប្រភពនៃស្រោមដៃវេជ្ជសាស្រ្ត ហើយតម្លៃបានកើនឡើងទ្វេដង ដូច្នេះហើយលោកជំរុញឱ្យអាជ្ញាធរផ្តល់អាទិភាពដល់ការបែងចែកធនធានដល់ប្រជាជនដែលត្រូវការបំផុត »។ ជាមួយគ្នានេះដែរ បើតាមការស្ទង់មតិថ្មីៗនេះរបស់បុគ្គលិកពេទ្យដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 បានរកឃើញថា កង្វះខាតកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរនៅទូទាំងប្រទេស ដោយស្ទើរតែ ៦០% នៃអ្នកដែលបានឆ្លើយតបបាននិយាយថាពួកគេកំពុងអស់ស្រោមដៃប្រើហើយ។

គួរឲ្យដឹងផងដែរថា គ្រឿងបរិក្ខារខ្លះបានប្រើស្រោមដៃដែលមិនមែនជាថ្នាក់វេជ្ជសាស្ត្រ ប៉ុន្តែសាស្រ្តាចារ្យ Sugawara Erisa អ្នកជំនាញផ្នែកគ្រប់គ្រងការឆ្លងនៃសាកលវិទ្យាល័យថែទាំសុខភាពតូក្យូបានឲ្យដឹងថា នោះនឹងធ្វើឱ្យមនុស្សមានគ្រោះថ្នាក់។ លោកស្រីបានមានប្រសាសន៍ថា « ការបញ្ជូនកម្មករជួរមុខដោយគ្មានស្រោមដៃថ្នាក់វេជ្ជសាស្ត្រ គឺដូចជាការបញ្ជូនពួកគេទៅធ្វើសង្គ្រាមដោយគ្មានគ្រាប់រំសេវ »៕

អត្ថបទ៖ លីនី
ប្រភព៖ nhk