សហគ្រាសធុនតូច និងមធ្យមរបស់ថៃចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ ក្រោយរដ្ឋាភិបាលដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មី
សេដ្ឋកិច្ច December 12, 2020 Chan Sreyny

យោងតាមសហព័ន្ធនៃសហគ្រាសធុនតូច និងមធ្យមថៃបានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសថៃកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ ដោយសារតែកញ្ចប់ជំរុញសេដ្ឋកិច្ចដែលបានដាក់ចេញដោយរដ្ឋាភិបាល។ ប្រធានសហព័ន្ធលោកស្រី Chonrungsee Chalermchaikit មានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមមួយចំនួនបានធូរស្បើយរួចទៅហើយពីវិបត្តិនៃជំងឺ Covid-19 ។ លោកស្រីបានបន្ថែមទៀតថា កញ្ចប់ជំរុញសេដ្ឋកិច្ច « Let’s Go Halves » បានជួយក្នុងការស្តារមុខជំនួញមូលដ្ឋាន និងបង្កើនការលក់ផលិតផលសហគ្រាសធុនតូច និងមធ្យម។

ទោះយ៉ាងណា លោកស្រីបានបន្តថា ការលក់មិនបានវិលត្រឡប់ទៅរកកម្រិតធម្មតារបស់ពួកគេទេ ដោយការលក់មានកម្រិតទាបជាងកម្រិតមុនពេលមានជំងឺរាតត្បាតប្រមាណ ៣០% ។ ការលក់របស់សហគ្រាសធុនតូច និងមធ្យមនឹងងើបឡើងវិញបណ្តើរៗ ប្រសិនបើរលកទី២ នៃជំងឺ Covid-19 មិនកើតឡើងនៅក្នុងប្រទេសថៃ។

លោកស្រី Chonrungsee បានបន្ថែមទៀតថា សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍នៅតែមិនទាន់ងើបឡើងវិញជាពិសេសសហគ្រាសតូច ដោយអ្នកទេសចរក្នុងស្រុកមិនអាចប្រឈមនឹងអវត្តមានរបស់ជនបរទេសបានទេ ហើយរដ្ឋាភិបាលគួរតែកែលម្អកញ្ចប់ជំរុញទេសចរណ៍សម្រាប់សហគ្រិនតូចៗ។

គួរឱ្យដឹងផងដែរថា នៅឆ្នាំក្រោយនាយករដ្ឋមន្ត្រីថៃបានព្យាករណ៍ថា សហគ្រិនសហគ្រាសធុនតូច និងមធ្យមអាចកែលម្អ ឬសម្របខ្លួនបានស្របតាមស្ថានភាពទីផ្សារក្រោយឆ្លងជំងឺរាតត្បាតនេះ។ សហគ្រិននឹងទទួលយកបច្ចេកវិទ្យាសម្រាប់ផ្នែកផ្សេងៗនៃអាជីវកម្មរបស់ពួកគេ មិនថាផលិតកម្ម ការគ្រប់គ្រងទីផ្សារ ឬសូម្បីតែសេវាកម្ម ហើយការចាប់ផ្តើមអាជីវកម្មនឹងកើនឡើងដើម្បីដោះស្រាយតម្រូវការបច្ចេកវិទ្យានាពេលអនាគត៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand