ថៃ ដាក់ចេញយុទ្ធសាស្រ្តថ្មីដើម្បីជំរុញការនាំចេញនៅឆ្នាំក្រោយ
សេដ្ឋកិច្ច December 11, 2020 Chan Sreyny

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ថៃបានដាក់ចេញផែនការជំរុញការនាំចេញនៅឆ្នាំក្រោយ ដោយផ្តោតលើសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអ៉ីនធឺណេតនេះបើយោងតាមប្រសាសន៍របស់លោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋាន។ DITP​ នឹងរៀបចំការផ្គូផ្គងអាជីវកម្មតាមអ៉ីនធឺណេតរៀងរាល់សប្តាហ៍ ឬ ២២ សកម្មភាពនៅឆមាសទី១ នៃឆ្នាំ ២០២១ ដោយផ្តោតលើផលិតផលថែទាំសុខភាព គ្រឿងបន្លាស់រថយន្ត ស្ប៉ា គ្រឿងសង្ហារឹម និងគ្រឿងអលង្ការ។ នៅត្រីមាសទី២ គ្រោងនឹងផ្ដោតទៅលើសម្ភារៈរបស់ម្តាយ និងកុមារ អាហារសត្វចិញ្ចឹម អាហារ និងភេសជ្ជៈ កៅស៊ូ និងឧបករណ៍វេជ្ជសាស្ត្រ។

DITP ក៏នឹងនាំយកផលិតរបស់ថៃទៅដាក់តាំងពិព័រណ៍អន្ដរជាតិ ហើយក៏នឹងចូលរួមជាមួយហាងលក់ទំនិញ និងអ្នកនាំចូលបរទេសដើម្បីផ្សព្វផ្សាយផលិតផលថៃផងដែរ។ លើសពីនេះទៀត DITP គ្រោងនឹងជំរុញការនាំចេញប្រេងដូងទៅកាន់ប្រទេសឥណ្ឌា ក្នុងគោលបំណងដេញថ្លៃសាច់ប្រាក់លើការកាត់បន្ថយពន្ធនាំចូលរបស់ឥណ្ឌាលើប្រេងដូងឆៅ ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ក្នុងស្រុក។

គួរឱ្យដឹងផងដែរថា ការនាំចេញប្រេងដូងពីថៃទៅឥណ្ឌាបានធ្លាក់ចុះ ២៨.៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand