រដ្ឋាភិបាលជប៉ុនយល់ព្រមផ្ដល់ថវិកាជិត ១លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងចំនួនពីរនៅកម្ពុជា
សេដ្ឋកិច្ច December 11, 2020 Khmernote

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងចំនួនពីរនៅកម្ពុជា ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ បើតាមសេចក្ដីប្រកាស​ព័ត៌មានរបស់សា្ថនទូតបានបញ្ជាក់ថា ពិធីចុះហត្ថលេខានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ នៅឯស្ថានទូតជប៉ុន។ ក្នុងនោះដែរ ថវិកាចំនួន ៦៩៤,៥៣៩ ដុល្លារអាមេរិក នឹងត្រូវផ្ដល់ឲ្យមូលនិធិសម្រាប់ការអភិវឌ្ឍអន្តរជាតិ / ជំនួយសង្គ្រោះ (FIDR) សម្រាប់ «គម្រោងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីអនុវត្តការវះកាត់កុមារនៅខេត្តក្រចេះ (ឆ្នាំទី ២) » ។

ដោយឡែក ថវិកាដែលនៅសល់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិក នឹងត្រូវប្រើសម្រាប់ « គម្រោងលើកកម្ពស់ការអប់រំបញ្ចូលគ្នាសម្រាប់កុមារពិការ ដោយលើកកម្ពស់ការអនុវត្តនៅតំបន់គំរូ និងបង្កើតប្រព័ន្ធវាយតម្លៃ IE (ឆ្នាំ ២)» ដែលត្រូវអនុវត្តដោយសមាគមសម្រាប់ជំនួយ និងការសង្គ្រោះជប៉ុន (AAR Japan)។ សូមជម្រាបផងដែរថា ប្រទេសជប៉ុន គឺជាដៃគូឈានមុខគេ និងជាម្ចាស់ជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន