ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC កាលពីពេលថ្មីៗនេះបានអនុម័តគម្រោងវិនិយោគថ្មី អាចនិយាយបានថាជាគម្រោងយក្សដែលមានទុនវិនិយោគដល់ទៅប្រមាណ ១ ប៊ីលានដុល្លារអាមេរិក។ បើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED តាមសំណើរសុំ វិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់។
(រូបតំណាង)
បន្ថែមពីនេះគម្រោងដែលបានអនុម័តខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។ សូមជម្រាបផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានរោងចក្រថាមពលធ្យូងថ្មដែលមានស្រាប់ចំនួន ៣ ដែលអាចផលិតថាមពលបាន ៧៤០ មេហ្គាវ៉ាត់ក្នុងចំនួនសរុបទៅបណ្តាញអគ្គិសនី រោងចក្រថាមពលទាំងនេះមានទីតាំងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

អត្ថបទ៖ លីនី


