ប្រជាជនថៃប្រមាណ ៣.១១ លាននាក់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងកំឡុងពេល ៤ ថ្ងៃចុងសប្តាហ៍ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ដោយអ្នកទេសចរទាំងនោះនឹងចំណាយប្រាក់ ១២.៦ ពាន់លានបាត (ជាង ៤០០ លានដុល្លារ) និងបង្កើនអត្រាស្នាក់នៅសណ្ឋាគារកើនឡើង ៤០% នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅឈៀងរ៉ៃ និងឈៀងម៉ៃដោយមានការលុបចោលការកក់ជាច្រើនបន្ទាប់ពីករណីឆ្លងជំងឺ Covid-19 ថ្មីៗនេះពីក្រុមជនភៀសខ្លួនដែលធ្វើដំណើរមកពីប្រទេសមីយ៉ាន់ម៉ា។
លោក Yuthasak មានប្រសាសន៍ថា « វិស័យទេសចរណ៍នៅភាគខាងត្បូង ក៏បានរងផលប៉ះពាល់ដោយប្រជាជនមិនសូវមានគម្រោងធ្វើដំណើរ បន្ទាប់ពីមានទឹកជំនន់នៅណាខុនស៊ីថាម៉ារ៉ាត់, ស៊ូរ៉ាតថានី, ក្រាប៊ី, ត្រាង, ផាតថង និងសុងក្លា »។

គួរឱ្យដឹងផងដែរថា ទោះបីជាមានការថយចុះវិស័យទេសចរណ៍ក៏ដោយ ក៏ប្រជាជនថៃជាច្រើនកំពុងធ្វើដំណើរហើយ TAT និយាយថា យុទ្ធនាការជំរុញទេសចរណ៍ក្នុងស្រុកឈ្មោះ Rao Tiew Duay Kan មានន័យថា “ យើងធ្វើដំណើរជាមួយគ្នា ” កំពុងមានឥទ្ធិពលលើប្រជាជនថៃជាច្រើនក្នុងការធ្វើដំណើរនៅទូទាំងប្រទេស៕



